កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

គ្មាន​ការ​បែកបាក់​គ្នា​ទេ! ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្ស និងក្រុមអ្នកស្និតនឹងលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក ដោយរបបដឹកនាំលោក ហ៊ុន សែន នៅប្រទេសកម្ពុជានោះទេ។

តំណាងជាច្រើននាក់ ដែលមានវត្តមាននៅក្នុងសន្និសីទ បានថ្លែងតាមរយៈវិទ្យុសម្លេង សហរដ្ឋអាមេរិក «VOA» កាលពីម្សិលម៉ិញថា សន្និសីទពិភពលោករបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅក្រៅប្រទេស មិនមានបំណងអ្វីផ្សេង ក្រៅតែពីជំរុញ ឲ្យមានសកម្មភាពកាន់តែខ្លាំងឡើង ក្នុងជំហានទៅស្វែងរកដំណោះស្រាយ ឲ្យបានឆាប់រហ័ស ជាពិសេសតាមយន្ដការអន្តរជាតិនោះទេ។ លោក សៅ រាស៊ី តំណាងអ្នកគាំទ្រ ពីប្រទេសញ៉ូហ្សេឡេន បានអះអាងថា សព្វថ្ងៃនេះ អ្វីៗហាក់ដូចជានៅស្ងៀម ដែលអនុញ្ញាតឱ្យលោក ហ៊ុន សែន អាចទិញពេលវេលា បានយូរទៅមុខទៀត។

នៅចំពោះសំនួរអ្នកកាសែត ដែលសួរថា តើសន្និសីទនេះ នឹងបង្កឲ្យមានការបែបបាក់ផ្ទៃក្នុង រវាងកូតាមកពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សឬទេ? ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក អ៊ុង ឫទ្ធី ដែលអះអាងថា លោកជាសហស្ថាបនិកគណបក្សសិទ្ធិមនុស្ស ប្រចាំនៅសហរដ្ឋអាមេរិក មួយរូបដែរនោះ បានឆ្លើយថា សភាពការណ៍របស់គណបក្សសង្គ្រោះជាតិសព្វថ្ងៃ មិនមានក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ ហើយមិនអាចសង្ឃឹម ទៅលើគណៈកម្មការចំពោះកិច្ច របស់គណបក្ស ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំកន្លងទៅនោះឡើយ។

លោក អ៊ុង ឫទ្ធី បានអះអាងថា គណៈកម្មការចំពោះកិច្ច ធ្វើការមិនចុះសម្រុងគ្នា និងមានការបែបបាក់គ្នារួចទៅហើយ ដោយគ្រាន់តែ​មានការខិតខំ​បិតបាំង​ប៉ុណ្ណោះ។ លោកថា ផ្ទុយពីការមិនចុះសម្រុងគ្នា នៅក្នុងជួរគណៈកម្មការចំពោះកិច្ចនេះ គណបក្សសង្គ្រោះជាតិ នៅតែជាគណបក្សសង្គ្រោះជាតិ ជាគណបក្សរបស់ពលរដ្ឋ និងអ្នកគាំទ្រទាំងអស់គ្នា ហើយមិនអាចក្លាយ ទៅជាគណបក្សសមរង្ស៊ី ឬគណបក្សសិទ្ធិមនុស្សវិញទេ៕

» សូមទស្សនាវីដេអូរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ទាំងស្រុងដូចតទៅ៖

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។