កម្ពុជា

ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បាន​បាត់រូប​ពីបណ្ដាញសង្គម

នៅពេលនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់ចលនា​«មាតាធម្មជាតិ» ដ៏ល្បីល្បាញ បាន​បាត់រូប​ពីបណ្ដាញសង្គម បន្ទាប់ពីសកម្មជនរបស់ចលនានេះ ចំនួន៣នាក់ ត្រូវបាន​អាជ្ញាធរ​​របបក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ ខែកញ្ញាម្សិលម្ងៃ។

ទំព័រហ្វេសប៊ុករបស់ចលនា«មាតាធម្មជាតិ» មានអាស័យដ្ឋាន «https://www.facebook.com/mothernaturecambodia»។ ប៉ុន្តែរាប់មកដល់​ពេល​អត្ថបទ​នេះចេញផ្សាយ ទំព័រហ្វេសប៊ុកខាងលើ មិនត្រូវបានបើកឃើញទេ ដោយហ្វេសប៊ុក​បានបញ្ចេញ​សារពន្យល់​(ជាទូទៅ)​ថា ទំព័រមួយនេះ បាន​បាត់រូប​ពីបណ្ដាញសង្គម ដោយ​ទំនង​ជាវា​​​ត្រូវបាន«បិទ» ឬ«លប់ចោល»។

កាលពីរសៀលម្សិលម៉ិញ សហស្ថាបនិករបស់ចលនា«មាតាធម្មជាតិ» លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro G.Davidson) បានបរិហារ​ពីការលួចចូល ទៅ​កាន់កាប់​ទំព័រ​ខាងលើ ដោយចាត់ទុកថា វាគឺជាស្នាដៃ​របស់បក្ខពួកលោក ហ៊ុន សែន។

លោក អាឡិច បានពន្យល់ថា ក្រុមអាជ្ញាធរ​«ចោរ» ដែលដឹកនាំដោយ​បុរសខ្លាំង​នៅ​កម្ពុជា បានសួរចម្លើយ​លោក ថុន រដ្ឋា នៅក្នុងពេលឃុំខ្លួន ហើយទំនងជាបានបង្ខំ ឲ្យសកម្មជនរូបនេះ ប្រាប់លេខសម្ងាត់ ក្នុងនាមជា«អភិបាលទំព័រ» ដើម្បីក្រុមអាជ្ញាធរ​ទាំងនោះ អាចចូលទៅក្នុងទំព័រខាងលើ និងផ្លាស់ប្ដូរទិន្នន័យនានា។

នៅលើគណនេយ្យផ្ទាល់របស់លោក ស្ថាបនិកចលនាមាតាធម្មជាតិរូបនេះ បានសរសេរថា៖

«កាលពីប៉ុន្មានម៉ោងមុននេះ (រសៀលម្សិលមិញ) បក្សពួករបស់លោកហ៊ុន សែន បានលួច​ចូល ក្នុង​គណនីគេហទំព័ររបស់មាតាធម្មជាតិ (Mother Nature Cambodia Facebook page) ហើយបានដកខ្ញុំ ចេញពីការគ្រប់គ្រងផេក (Page admin)។ ទង្វើរដ៏ថោកទាប​នេះ បានកើតឡើង​បន្ទាប់ពីលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវបាន​គេចាប់ខ្លួន​តាមអំពើចិត្ត កាលពីម្សិលមិញ។»

មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវ របស់របបក្រុងភ្នំពេញ ដើម្បីប្រតិកម្មតប​នឹង​ការលើកឡើង របស់លោក អាឡិច បានទេ មកទល់នឹងមុន​អត្ថបទនេះចេញផ្សាយ។

យ៉ាងណា លោក អាឡិច អះអាងបន្តថា លោកកំពុងទាក់ទងក្រុមហ៊ុនហ្វេសប៊ុក ដើម្បី​សង្គ្រោះ​ទំព័រហ្វេសប៊ុក របស់ចលនា«មាតាធម្មជាតិ» ឲ្យបានត្រឡប់មកវិញ។

សកម្មជនចលនា«មាតាធម្មជាតិ» លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួន ក្រោមហេតុផលថា រៀបចំ​ដំឡើង​ស្ទូឌីយោផ្សាយវីដេអូ និងព័ត៌មាន ដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះ​ព័ត៌មាន ពីយុទ្ធនាការ ដើរទៅភូមិគ្រឹះនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យដោះស្រាយ​ករណីលុប​បឹងតាមោក នៅជាយរាជធានី។

កាលពីរសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា អ្នកនាំពាក្យស្នងការ​ដ្ឋាន​នគរបាល​រាជធានី លោក សាន សុខ សីហា ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកថា សកម្មជនទាំងបីនាក់ នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ ក្រោមការចោទប្រកាន់ ពី​បទ​«ញុះញង់»។

សម្រាប់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា យុវជន​ទាំងបីរូប​មិនបានប្រព្រឹត្តិ​ទង្វើខុសច្បាប់អ្វី ក្រៅពីការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ដូចដែលរដ្ឋធម្មនុញ្ញកម្ពុជា បានចែងការពារ​ពលរដ្ឋ​គ្រប់រូប​នោះឡើយ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។