ព្រះសង្ឃអាចសឹកលាចាកសិក្ខាបទ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី នៅពេលណាលោក ហ៊ុន សែន កម្ចាត់ក្រុមប្រឆាំងអស់ ជាស្ថាពរ។ នេះ ជាការអះអាងរបស់បុរសខ្លាំងកម្ពុជា ក្នុងចម្លើយដ៏គ្រោតគ្រាតមួយ តបទៅនឹងការបិណ្ឌបាត្រ របស់ព្រះសង្ឃមួយអង្គ ដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រី លាចេញពីតំណែង ទៅដាំបន្លែផ្លែឈើ ដូចដែលលោកតែងបង្ហាញ តាមរយៈរូបភាពជាមួយភរិយាលោក ក្នុងរយៈពេលចុងក្រោយ។
ការឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងព្រះតេជគុណ អ៊ុក ស៊ីថា ដែលកំពុងគង់ក្នុងទីអារាមមួយ ក្នុងប្រទេសបារាំង ធ្វើឡើងកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩សប្ដាហ៍មុន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី។ ព្រះសង្ឃមានសង្ឃដីកា ជាសំណេរថា៖
«ក្នុងនាមអាត្មាមានឈាមជ័រ ជាខ្មែរម្នាក់ សូមជួយអបអរ សាទរដល់លោកតាឧបាសក និងលោកយាយឧបាសិកា ទាំងពីរនាក់ផង ដែលបានលះបង់ដ៏ធំគឺ អំណាច បុណ្យស័ក្តិទាំងឡាយ ដែលមានសព្វថ្ងៃ ប្រគល់ទៅឲ្យអ្នកដទៃបន្តវេន ដើម្បីយុវជន និងប្រទេសជាតិខ្មែរជានិរន្ត ហើយងាកមករក ការដាំដំណាំហូបផ្លែ មានបន្លែ និងផ្លែឈើ ជាដើមនេះ។ គឺជាការប្រពៃណាស់សម្រាប់សុខភាព។»
ព្រះតេជគុណ អ៊ុក ស៊ីថា បន្តថេរដីកាឲ្យធម៌ ទៅលោក ហ៊ុន សែន ថា៖
«មិនថាឡើយអំណាចទេ សូម្បីតែរបស់មានតម្លៃ មិនអាចកាត់ថ្លៃបានក៏ដោយ ក៏មិនអាចយកទៅតាមខ្លួនបានដែរ។ អ្វីដែលយកទៅតាមខ្លួនបានគឺ កុសលកម្ម និងអកុសលកម្ម ពិសេសជាងនេះទៅទៀត គឺការមិនប្រមាថ ជាធម៌ដ៏ឧត្តមសម្រាប់ខ្លួនយើង ដូច្នេះ សូមលោកឧបាសក-ឧបាសិកាទាំងពីរ រៀនធម៌ផង និងពិចារណាអំពី អនិច្ចំ ទុក្ខំ អនត្តា។»
«ជាងនេះទៅទៀត សូមប្រកាន់ឲ្យខ្ជាប់ នូវកុសលកម្មបថ១០ និងព្យាយាមហ្វឹកហាត់ ធ្វើសមាធិរាល់ថ្ងៃ ទើបប្រពៃ និងសូមបិណ្ឌបាត្រដល់ញោមឧបាសក ហ៊ុន សែន មេត្តាឆាប់ចូលនិវត្ត៍ ដើម្បីសុខភាពរឹងមាំ និងកាន់តែមានភាពស្និទ្ធស្នាល ជាមួយក្រុមគ្រួសារថែមទៀត។ ប្រសិនបើនៅបន្តស្រឡាញ់អំណាចបន្តទៀត ប្រាកដណាស់ នឹងកាន់តែទ្រុឌទ្រោម។»
ជាចម្លើយតបវិញ នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែងរាប់ទសវត្សន៍មកនេះ បានចាត់ទុកការបិណ្ឌបាត្រ និងការឲ្យធម៌ខាងលើ ពីសំណាក់ព្រះសង្ឃ អ៊ុក ស៊ីថា ថា«អាចប្រគេនតាមសំណូមពរ»បាន។ តែត្រូវមានលក្ខខណ្ឌ…
លោក ហ៊ុន សែន បានតបទៅវិញ ដោយប្រើពាក្យពេជន៍ខ្លាំងៗ ថាលោកត្រូវកម្ចាត់ក្រុមប្រឆាំង ដែលលោកហៅថាជា«ពួកក្បត់ជាតិ» ឲ្យអស់សិន ហើយបន្ទាប់មក ព្រះតេជគុណ អ៊ុក ស៊ីថា អាចសឹកមកធ្វើនាយករដ្ឋមន្ត្រី ជំនួសលោកបាន។
លោក ហ៊ុន សែន សរសេរថា៖
«ហុតទឹកសម្លឹងកាក ទាញច្រវ៉ាក្រាកសម្លឹងជ្រោយ។ ការបិណ្ឌបាត្ររបស់តេជគុណ ខ្ញុំព្រះករុណាសូមប្រគេនតាមសំណូមពរ ព្រោះខ្ញុំព្រះករុណាក៏គ្មានជិវិតអមតៈដែរ។ តែត្រូវរង់ចាំ រហូតឆ្នាំ២០២៨ ឬ២០៣០ ក្រោយពេលដែលខ្ញុំព្រះករុណា កម្ចាត់ពួកក្បត់ជាតិឲ្យអស់សិន។ ពេលនោះ តេជគុណអាចសឹក មកធ្វើនាយករដ្ឋមន្ត្រី ជំនួសខ្ញុំព្រះករុណាបានហើយ។»
បុរសខ្លាំងកម្ពុជា បានបញ្ជាក់ទៀតថា ចម្លើយរបៀបនេះ ក៏ធ្លាប់ត្រូវបានលោកទូលប្រគេន ទៅកាន់ព្រះសង្ឃដទៃទៀត ដែលចង់ឲ្យលោកនៅបន្តអំណាច ឲ្យបានយូរដែរ។ លោក ហ៊ុន សែន ថា៖
«ព្រះសង្ឃជាច្រើន បានបិណ្ឌបាត្រឲ្យខ្ញុំព្រះករុណាបន្ត[អំណាច] ខ្ញុំករុណានិយាយដូចគ្នា [គឺឲ្យរង់ចាំដល់ឆ្នាំ] ២០២៨ ឬ២០៣០។ យល់ឬទេតេជគុណ?»