នៅលើបណ្ដាញសង្គម បើគេចង់រករកលោក ម៉ម សូណង់ដូ ដោយវាយអក្សរ «Mam Sonando» ចូលទៅរុករកនោះ គេនឹងរកមិនឃើញគណនីពិត របស់លោកទៀតទេ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយហេតុថា គណនីពិតរបស់លោក «Mam Sonando» ត្រូវបានប្ដូរឈ្មោះទៅជា «រក្សា សន្តិភាព» ហើយឈ្មោះ «Sonando» បានក្លាយជា «Nickname» វិញ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមសាកសួរ អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ តាមរយៈសារអេឡិចត្រូនិក ដើម្បីចង់ដឹងថា តើគណនីលោកត្រូវបានចោរលួច យកទៅគ្រប់គ្រង ឬយ៉ាងណា?
អ្នកស្រី ហួន ផាន់ណារី បានឆ្លើយតបមកវិញ ថាពិតជាត្រូវបានចោរបច្ចេកវិទ្យា លួចយកទៅគ្រប់គ្រង អស់រយៈពេល ប្រមាណជា២ម៉ោង មុននឹងត្រូវបានទាញ យកមកគ្រប់គ្រងបានវិញ។ អ្នកស្រីបន្តថា បើទោះជាយ៉ាងនេះក្ដី ក៏អ្នកស្រីនៅមិនអាចប្ដូរឈ្មោះគណនីនោះ បានវិញនៅឡើយ។
រីឯខ្សែភ្ជាប់ ចូលទៅគណនីពិត របស់ម្ចាស់កំណាព្យ «តើខ្ញុំរស់បាន រហូតដល់ពេលណា» ដ៏ល្បីរូបនេះ ដែលមានអាស័យដ្ឋានលើកមុន «facebook.com/mam.sonando» ក៏ត្រូវបានប្ដូរដែរ ទៅកាន់អាស័យដ្ឋានថ្មី ដូច្នេះ «facebook.com/keep.peacecpp»។
កាលពីម្សិលម៉ិញ គឺឃើញនៅលើគណនីនោះ មានបង្ហោះលើកចុងក្រោយបំផុត ពីសកម្មភាពលោក ម៉ម សូណង់ដូ ក្នុងការចូលទៅជជែកពិភាក្សា ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ «BTV» និងសកម្មភាពមួយចំនួនទៀត ដែលហាក់បង្ហាញថា គណនីហ្វេសប៊ុកមួយនេះ មានសភាពធម្មតាឡើងវិញហើយ៕