កម្ពុជា

ព្រះមហាក្សត្រ សរសើរ ហ៊ុន សែន ក្នុងការដោះស្រាយ​គ្រោះទឹកជំនន់

ក្រៅពីរំជួលហឫទ័យ និងចូលរួមរំលែកទុក្ខ ជាមួយរាស្ត្រដែលកំពុងរងគ្រោះ ព្រោះគ្រោះទឹកជំនន់ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នៅមាន​ព្រះរាជ​បន្ទូល«សរសើរ»លោក ហ៊ុន សែន នូវអ្វីមួយ ដែលទ្រង់មានបន្ទូលថា ជា«ភាពឈ្លាសវៃ»របស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដោះស្រាយគ្រោះធម្មជាតិ ដ៏ធ្ងន់ធ្ងរមួយនេះ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖

«ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាក ជាមួយបងប្អូនប្រជារាស្ត្រ នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរ នូវភាពឈ្លាសវៃ និងសូមថ្លែង​អំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហា​សេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិធានការ ជួយដោះស្រាយទាន់ពេលវេលា ជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីតំបន់រងគ្រោះ ទៅកាន់ទីតាំងសុវត្ថិភាពនានា។»

ក្នុងព្រះរាជសារដដែល ព្រះរាជាកម្ពុជា​ដែលមានព្រះជន្ម៦៧ឆ្នាំ បានមានព្រះបន្ទូលថា ព្រះអង្គក៏បានប្រទាន​ព្រះរាជអំណោយ ជាបន្តបន្ទាប់ដែរ ជូនដល់រាស្ត្ររងគ្រោះមួយចំនួន តែព្រះរាជអំណោយនោះ ធ្វើឡើងតាមរយៈ លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង។

គណៈកម្មាធិការ​​ជាតិ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​ទី១០ ខែតុលា បានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏ធំ​ក្នុងឆ្នាំ២០២០នេះ ដែលមិនធ្លាប់កើតមាន បានសម្លាប់ពលរដ្ឋកម្ពុជា ចំនួន១១​នាក់​ និង​បានបង្កផលប៉ះពាល់ ទៅលើពលរដ្ឋ​ ចំនួនយ៉ាង​ហោច​ ៣ម៉ឺន​គ្រួសារ ក្នុង​នោះ​មាន​ ២ពាន់​គ្រួសារ ​ត្រូវ​ជម្លៀស​ចេញ​ពី​គេហដ្ឋាន៕​

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។