កម្ពុជា

សម្លាប់​មិត្ត​រួចកាប់សពជា​កង់ៗ ព្រោះ​ប្រាក់ជំពាក់​«៧០០​ដុល្លារ»?

ខណៈកូនស្រីជនរងគ្រោះ បានអះអាងថា ជនសង្ស័យជំពាក់ប្រាក់ម្ដាយខ្លួន ៤លាន​រៀល ជនសង្ស័យវិញ បានប្រកាសប្រាប់អាជ្ញាធរថា គឺខ្លួនជំពាក់ប្រាក់ជនរងគ្រោះ ចំនួន​«៧០០​ដុល្លារ» និងមិនទាន់មានបំណងសង ឲ្យគ្រប់ចំនួនក្នុងពេលនេះទេ។ នេះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបាននាំក្រុមអាជ្ញាធរ ទៅបង្ហាញពីទីកន្លែង និងពីសកម្មភាព«មនុស្សឃាត» ដ៏សហាវ​របស់ខ្លួន តាំងពីមុនពេលកើតហេតុរហូតមក។

អ្នកស្រី ស៊ិន សុផល ដែលជាជនសង្ស័យ ត្រូវបានកងកម្លាំងរាជអាវុធហត្ថចាប់ខ្លួន កាលពីព្រឹកម្សិលម៉ិញ បន្ទាប់ពីក្រុមអាជ្ញាធរបានសង្ស័យស្ត្រី អាយុ៣៥ឆ្នាំរូបនេះ ថាបានសម្លាប់អ្នកស្រី គឹម យ៉ានាង អាយុ៣៩ឆ្នាំ ដែលជាមិត្តភ័ក្ររបស់ខ្លួន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩​កន្លងមក មុននឹងកាប់សពជាដុំៗ យកទៅបោះចោល។

នៅយប់ថ្ងៃទី៣ ខែមិថុនានោះ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានផ្ទុះឡើងទាំងកណ្ដាលយប់ គឺកូនស្រីរបស់ជនរងគ្រោះ យុវតី ពេជ្រ ស៊ាវម៉ី បានដើរសួរគេឯង នៅម្ដុំអតីតគុក «T3» ក្រែងលោអ្នកផងទាំងឡាយ បានប្រទះឃើញម្ដាយរបស់នាង។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក យុវតីអាយុ១៧ឆ្នាំ បានថ្លែងថា នៅវេលាព្រឹកថ្ងៃនោះ ម្ដាយរបស់នាង បានជិះម៉ូតូ យកកូនប្រុសរបស់ជនសង្ស័យ មកឲ្យជនសង្ស័យវិញ ដល់ផ្ទះនៅក្បែរអតីតគុក «T3»។ ដោយសារបាត់ដំណឹង ពីម្ដាយនាងសូន្យឈឹងដូច្នេះ យុវតី ពេជ្រ ស៊ាវម៉ី បានដាក់ពាក្យបណ្ដឹង ទៅកាន់ប៉ុស្តិ៏នគរបាលរដ្ឋបាល ជ័យជំនះ ដើម្បីឲ្យអាជ្ញាធរជួយរក។

រហូតមកដល់ ព្រឹកថ្ងៃទី៩ ខែមិថុនា ការភ្ញាក់ផ្អើលមួយទៀត បានផ្ទុះឡើង ក្រោយពីកំណាត់ដៃ និងជើងមនុស្ស ត្រូវបានប្រទះឃើញ នៅនឹងច្រាំងទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីបានចុះត្រួតពិនិត្យរួច ក្រុមសមត្ថកិច្ចបានអះអាង កំណាត់ដៃ និងជើងមនុស្សទាំងនេះ មានពាក់ព័ន្ធ នឹងអ្នកស្រី គឹម យ៉ានាង ដែលត្រូវបានកូនស្រី យុវតី ពេជ្រ ស៊ាវម៉ី ប្រកាសថាបានបាត់ខ្លួន កាលពីមួយសប្ដាហ៍មុន។

ទំនងជាការប្រទះឃើញនេះហើយ ដែលធ្វើឲ្យកងកម្លាំងអាជ្ញាធរ ឈានទៅឃាត់ខ្លួនអ្នកស្រី ស៊ិន សុផល ក្នុងព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ មន្ត្រីអាជ្ញាធរបានអះអាងថា ជនសង្ស័យបានឆ្លើយសារភាព និងបាននាំក្រុមសមត្ថកិច្ច ទៅបង្ហាញដល់កន្លែងកើតហេតុ។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យមានមុខរបរ លក់អាហារអឺរ៉ុប ក្នុងហាងយីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងមានស្រុកកំណើត នៅភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យរូបនេះ មានស្វាមីជាជនជាតិអាមេរិកាំង ដែលជាស្វាមីទី៦។

រីឯជនរងគ្រោះវិញ ជាម្ចាស់​ហាងអ៊ុតសក់មួយ ក្នុងផ្សារចាស់ និងស្នាក់នៅផ្ទះជួល ម្តុំទួលសង្កែ។ ជនរងគ្រោះ ជាស្ត្រីមេម៉ាយកូនមួយ រស់នៅតែជាមួយកូនស្រី (យុវតី ពេជ្រ ស៊ាវម៉ី) និងមានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅចំពោះសមត្ថកិច្ច អ្នកស្រី ស៊ិន សុផល បានសារភាពជាហូរហែ និងចាប់ផ្ដើមពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីការផឹកស៊ីសប្បាយ នៅក្នុងផ្ទះរបស់ខ្លួន (ផ្ទះរបស់​ជនសង្ស័យ) រួច។ ស៊ីផឹកចប់ អ្នកស្រី គឹម យ៉ានាង (ជនរងគ្រោះ) បានសុំយកកូនស្រី អាយុ៨ឆ្នាំរបស់ជនសង្ស័យ ទៅដេកជាមួយ នៅផ្ទះឯទួលសង្កែ ដូចតាមទម្លាប់កន្លង​មក។ លុះព្រឹកឡើង នៅវេលាម៉ោងប្រមាណជា ១០ព្រឹក អ្នកស្រី គឹម យ៉ានាង បានដឹកកូនស្រីនោះ មកឱ្យជនសង្ស័យដល់ផ្ទះវិញ។

នៅពេលនោះ ជនរងគ្រោះបានទារលុយពីអ្នកស្រី ស៊ិន សុផល ដែលបានជំពាក់ចំនួន ៧០០​ដុល្លារ តែត្រូវជនសង្ស័យប្រកែក និងសុំសងតែ ៣៥០ដុល្លារប៉ុណ្ណោះ។ នៅចំពោះទឹកប្រាក់​ ដែលមិនគ្រប់ចំនួននេះ អ្នកស្រី គឹម យ៉ានាង បានបដិសេធ និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ អ្នកស្រីនឹងប្រាប់ម្ចាស់បំណុលផ្សេងៗ ឱ្យស្គាល់ផ្ទះ ដើម្បី​ទារលុយព្រមៗគ្នា (ព្រោះជនសង្ស័យជំពាក់លុយគេច្រើន)។

ស្ត្រីជាជនសង្ស័យបានអះអាងទៀតថា អ្នកស្រីបានឆ្លៀតឱកាស ពីមិត្តភ័ក្រខ្លួនដើរចូលបន្ទប់ទឹក ក៏ដើរតាមពីក្រោយ ហើយយកដៃស្តាំច្របាច់ក​ជនរងគ្រោះ និងយក​ម្រាមដៃឆ្វេង រុកច្រមុះឱ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់ បាត់ស្មារតី។ បន្ទាប់មក ជនសង្ស័យបានយកក្រម៉ា រឹតមាត់ ចងដៃ ចងជើងជនរងគ្រោះ និងទុកចោល ក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ មុននឹងយកសពជនរងគ្រោះ ទៅដាក់ចូលទូរក្លាស្សេ ឱ្យកក រហូតដល់ថ្ងៃទី៤ ខែមិថុនាស្អែកឡើង។

គឺនៅថ្ងៃនោះហើយ ដែលជនសង្ស័យ បានយកសពមិត្តភ័ក្រខ្លួន យកមកកាប់ជាដុំៗ ដើម្បីងាយយកទៅបោះចោល ត្រង់នេះបន្តិច ត្រង់នោះបន្តិច កុំឲ្យឃើញដាន។

ស្ត្រីចិត្តត្រជាក់អាយុ៣៥ឆ្នាំរូបនេះ បានបន្តរៀបរាប់ថា នៅថ្ងៃទី៤ ខែមិថុនានោះ កូនៗរបស់អ្នកស្រីមិននៅផ្ទះ ហើយអ្នកស្រីថែមទាំងបាន ដាក់ថ្នាំងងុយដេក ក្នុងទឹកតែឱ្យប្តីខ្លួនផឹក រហូតទន់ដៃទន់ជើង ឡើងទៅដេកលក់ស្ងាត់អស់ ដើម្បីខ្លួនមានឱកាសយកសាកសពជនរងគ្រោះ ចេញពីទូរក្លាស្សេ មកកាប់ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់)។

បំណែងសាកសព របស់ជនរងគ្រោះ ត្រូវបានជនសង្ស័យច្រកដាក់ស្បោងខ្មៅ ដើម្បីយកទៅបោះចោល មួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទឹកទន្លេ។ នេះ បើតាមការអះអាង របស់ជនសង្ស័យ ដែលត្រូវបានក្រុមសមត្ថកិច្ច នាំទៅបង្ហាញ ពីទីកន្លែងកើតហេតុ និងទីកន្លែងដែលជនសង្ស័យ យកបំណែងសព​ទៅបោះចោល។



ជនសង្ស័យបានអះអាងទៀតថា ខ្លួនបានយកគ្រឿងអលង្កា និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ទៅបោះចោល ក្នុងទឹកទន្លេ និងធុងសម្រាម តែបានរក្សាទុកប្រាក់មួយចំនួន ដែលមានជាប់នឹងខ្លួន​ជនរងគ្រោះ។

យ៉ាងណា អ្វីដែលធ្វើឲ្យអ្នកតាមដានករណីនេះ សំដែងការងឿងឆ្ងល់ នៅត្រង់ថា ជនសង្ស័យបានលើកដៃ សម្លាប់មិត្តរបស់ខ្លួន និងបានយកសាកសព មកកាត់ជាដុំៗ… ហើយបានចេញមកបកស្រាយ ពីទង្វើឧក្រិដ្ឋរបស់ខ្លួន ទាំងទឹកមុខស្រស់ស្រាយដូច្នេះ តើជនសង្ស័យរូបនេះ មានគំនិតនៅក្នុងក្បាលយ៉ាងដូចម្ដេច? តើស្ត្រីរូបនេះ មានសតិគ្រប់គ្រាន់ ឬយ៉ាងណា?

ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក មន្ត្រីទទួលខុសត្រូវ របស់កងរាជអាវុធហត្ថរាជធានី បានបញ្ជាក់ថា នឹងបន្តការស៊ើបអង្កេតករណីនេះ ទៅមុខទៀត តែអាចបញ្ជូនជនសង្ស័យ ទៅឲ្យតុលាការវិន្និច្ឆ័យ ក្នុងជំហានបឋម៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។