កម្ពុជា

កឹម សុខា ជូនពរ​ឆ្នាំថ្មី​ដោយ​ស្នើ​ឲ្យបំបាត់​ជំងឺ​ពីរយ៉ាង

ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន បានបង្ហោះសារជូនពរឆ្នាំថ្មី ដោយបង្ហាញជំនឿថា ឆ្នាំ២០១៩ថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់ នូវ«ជំងឺពីរយ៉ាង»។

ទំព័រហ្វេសប៊ុក «Kem Sokha0» បានសរសេរថា៖ 

«ក្នុងឱកាសឆ្លងឆ្នាំចាស់ ២០១៨ ឈានចូលឆ្នាំថ្មី ២០១៩នេះ ខ្ញុំសូមជូនពរដល់ប្រជាពលដ្ឋជុំវិញពិភពលោក ឲ្យជួបប្រទះ នូវសេចក្តីសុខ និង សុភមង្គល គ្រប់ៗគ្នា។ ខ្ញុំសូមជូនពរ ជាពិសេសដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ឲ្យទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព តាមគេាលការណ៍ប្រជាធិបតេយ្យ ដេាយចាប់ផ្តេីមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ។»

សំណេរ ដែលសរសេរក្នុងនាមលោក កឹម សុខា បានបន្តទៀតថា៖

«សូមឲ្យឆ្នាំថ្មីនេះ នឹងបេីកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់ នូវជំងឺពីរយ៉ាង ដែលកំពុងរាតត្បាត ក្នុងសង្គមខ្មែរ៖ ទី១គឺ ការគាបសង្កត់ជិះជាន់ គម្រាមកំហែង ជាពិសេសដោយអំពើហិង្សា និងទី២ គឺការស្អប់ឈ្នានីស ជាពិសេសតាមរូបភាព​លាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។ សូមឲ្យទំព័រប្រវត្តិសាស្ត្រថ្មីនេះ ចាប់ផ្តើមពីមេដឹកនាំគ្រប់និន្នាការ ដេីម្បីជាគម្រូ ដោយបញ្ឈប់ការធ្វើនយោបាយ តាមបែបអគុណធម៌ មិនថា តាមរយៈការគម្រាមកំហែង ឬការមួលបង្កាច់ ហេីយវិលទៅរកទសពិធធម៌វិញ ដើម្បីត្រួសត្រាយផ្លូវ ជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរជំនាន់ក្រោយ។»

«សេរីភាពពេញលេញបរិបូរណ៍»

ប្រធានគណបក្សប្រឆាំង​ដ៏សំខាន់ជាងគេ ត្រូវបានកងកម្លាំង ក្រោមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅចាប់ខ្លួន នៅក្នុងយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមបទចោទ ថាបានឃុបឃិត ជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោកត្រូវបានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង នាខេត្តត្បូងឃ្មុំ ជិតព្រំដែនវៀតណាម មុននឹងត្រូវបានបញ្ជូន មកឃុំខ្លួន នៅក្នុងគេហដ្ឋានលោក ឯរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងសារជូនពរដដែល ទំព័រហ្វេសប៊ុកលោក កឹម សុខា បានសរសេរបញ្ចប់ ដូច្នេះថា៖

«ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរឲ្យឆ្នាំថ្មី២០១៩នេះ នាំមកនូវសុភមង្គល ភាពរុងរឿង យុត្តិធម៌ ភាពស្ងប់សុខ និងសេរីភាពពេញលេញបរិបូរណ៍ ដល់ខ្មែរគ្រប់រូប។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។