មេដឹកនាំប្រឆាំង លោក កឹម សុខា បានផ្ញើរសារមរណទុក្ខមួយច្បាប់ ជូនលោក ហ៊ុន សែន ដើម្បីសំដែងការសោកស្ដាយ និងទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកយាយ ប៊ុន ស៊ាងលី ដែលត្រូវជាម្ដាយក្មេករបស់លោក ហ៊ុន សែន។
សាររបស់មេដឹកនាំប្រឆាំង ដែលត្រូវបានបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម បានសរសេរឲ្យដឹងថា៖
«ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេច និងជាមាតាបង្កើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព […]។»
សេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការ ផ្សាយនៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានឲ្យដឹងថា លោកយាយ ប៊ុន ស៊ាងលី ដែលត្រូវជាម្ដាយបង្កើត របស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងជាម្តាយក្មេក របស់លោក ហ៊ុន សែន បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានក្ដីក្ដាំ នៅឯតុលាការ បានអះអាងទៀតថា៖
«មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌។»
លោក កឹម សុខា បានបន្តសរសេរសារ ជាលក្ខណៈផ្ទាល់ខ្លួន សម្រាប់លោក ហ៊ុន សែន ដូច្នេះថា៖
«ក្នុងឱកាស ប្រកបដោយសមានទុក្ខ ដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្តីសោកស្តាយ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិ ក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង។»
សារព័ត៌មានក្នុងស្រុក បានអះអាង នៅមុននេះបន្តិចថា សពលោកយាយ ប៊ុន ស៊ាងលី នឹងត្រូវតំកល់ធ្វើបុណ្យ នៅថ្ងៃនេះនិងថ្ងៃស្អែក នាគេហដ្ឋានរបស់លោក ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី៦ ខែឧសភា សពលោកយាយនឹងត្រូវដង្ហែទៅបញ្ចុះ ក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ដែរថា គោរមងារ «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា» ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានផ្ដល់ជូន លោកយាយ ស៊ាងលី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រឹត្យមួយ។
បើទោះជា នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការ បានបញ្ជាក់ថា លោកយាយ ប៊ុន ស៊ាងលី បានលាចាកលោក ដោយ«ជរាភាព»ក្ដី តែលោក ហ៊ុន សែន ខ្លួនលោក ធ្លាប់បានថ្លែង កាលពីចុងឆ្នាំកន្លងទៅថា ម្ដាយក្មេករបស់លោករូបនេះ មានជំងឺជាទម្ងន់ ហើយស្ថិតក្នុងការង្រ្គោះបន្ទាន់។
សភាពធ្ងន់ធ្ងរ នៃជំងឺរបស់លោកយាយ នៅពេលនោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ប្រកាសលប់ដំណើររបស់លោក ទៅចូលរួមកិច្ចប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលត្រូវប្រព្រឹត្តិទៅ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា៖
«ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វី ក្រៅតែពីសុំទោស ប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និង ឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ចំពោះការអាក់ខានរបស់ខ្ញុំ សម្រាប់កិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ៕»