កម្ពុជា

សម រង្ស៊ី ប្រកាស​«សង្គ្រាមចិត្តសាស្ត្រ»ដើម្បីឲ្យ​កងទ័ព​ឈប់​ការពារ ហ៊ុន សែន

ពីទីក្រុង យូស្ដុន សហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងជាថ្មី ថាលោកត្រូវវិលត្រឡប់ ចូលមកដឹកនាំចលនាប្រឆាំង នៅក្នុងប្រទេសកម្ពុជា ឲ្យខាងតែបានក្នុងឆ្នាំ២០១៩នេះ ហើយត្រៀមធ្វើ«សង្គ្រាមចិត្តសាស្ត្រ»មួយ ដើម្បីឲ្យកងទ័ពកម្ពុជា ឈប់ស្ដាប់បញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មេដឹកនាំប្រឆាំង បានថ្លែងនៅចំពោះ​អ្នកគាំទ្រច្រើនសិបនាក់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមក ដោយបញ្ជាក់ពី«ឱកាស» ដែលមិនអាចរំលងបាន ក្នុងឆ្នាំ២០១៩នេះ។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖

«ខ្ញុំក្នុងឋានៈ ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ (…) ខ្ញុំត្រូវតែដឹកនាំ​ឲ្យមានសកម្មភាព ឲ្យមានចលនា ឲ្យមានការងើបឈរ ឲ្យប្រជារាស្ត្រខ្មែរ តតាំងជាមួយ ហ៊ុន សែន ពេលដែលហ៊ុន សែន កំពុងប្រឈមមុខជាមួយ  ទល់នឹងប្រតិកម្មអន្តរជាតិ។»

«ក្នុងន័យហ្នឹង ខ្ញុំត្រូវដឹកនាំចលនាហ្នឹង ហើយខ្ញុំនឹងទៅដឹកនាំ ដោយខ្លួនឯងនៅប្រទេសកម្ពុជាតែម្ដង (…) ចំពោះខ្ញុំ គឺការប្ដេជ្ញាចិត្តរបស់ខ្ញុំ​គឺច្បាស់ណាស់ បងប្អូន ជាកាតព្វកិច្ច។ បើយើងមិនឆ្លៀត​យកឱកាសហ្នឹង ឆ្នាំ២០១៩ហ្នឹង ឲ្យឱកាសហ្នឹងរបូតពីដៃ គឺស្ដាយក្រោយណាស់ បងប្អូន។ ប្រវត្តិសាស្ត្រស្ដីឲ្យយើងហើយ បងប្អូន។»

ដៃគូបដិបក្ខនយោបាយធំបំផុត របស់នាយករដ្ឋមន្ត្រីចាស់វស្សាកម្ពុជា បានបង្ហើបឲ្យដឹងទៀតថា លោកនឹងប្រើ«សង្គ្រាមចិត្តសាស្ត្រ» ដើម្បីស្នើទៅ​​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ឲ្យចាប់ផ្តើម​ធ្វើចលនា បញ្ចុះបញ្ចូល​ទាហាន​​និងប៉ូលីស ដែលជាសាច់ឈាម​​ក្នុងគ្រួសារ​នីមួយៗ ឲ្យឈប់ការពារ​​របបដឹកនាំ​របស់លោក ហ៊ុន សែន។ ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងថា៖

«ឃើញមានកងទ័ពថា ហ៊ុន សែនខ្លាំងណាស់ ព្រោះមានកងទ័ព កងកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែមើលស៊ីជម្រៅបន្តិចទៅ កងទ័ពរបស់ ហ៊ុន សែន អាចនឹងត្រូវយើងធ្វើម៉េច ឲ្យក្លាយជាចំណុចខ្សោយរបស់ ហ៊ុន សែន វិញ។ ព្រោះកងទ័ពមួយចំនួនធំ ខ្ញុំមិននិយាយពីកងទ័ពអង្គរក្ស ហ៊ុន សែន ដែលគេបំប៉ន គេឲ្យប្រាក់ខែច្រើន នៅជិតគេជាប់គេ ប្រហែលមានស្វាមីភ័ក្រជាមួយ ហ៊ុន សែន។ ប៉ុន្តែពួកហ្នឹងមានប៉ុន្មាននាក់ ៥ពាន់នាក់? ១ម៉ឺននាក់?»

«ចុះទាហាននៅស្រុកខ្មែរ ១០ម៉ឺននាក់ អញ្ចឹង៩ម៉ឺននាក់ទៀត មានទឹកចិត្តយ៉ាងម៉េច? (…) មួយចំនួនធំ ក៏គេអត់សប្បាយចិត្ត​ជាមួយ ហ៊ុន សែន ដែរ។ អញ្ចឹងយើងត្រូវបំផុស កងកម្លាំងប្រដាប់អាវុធ ដែលនៅក្រោមបញ្ជា ហ៊ុន សែន ឲ្យដកខ្លួន នៅពេលណាមួយសមស្រប ឈប់ស្ដាប់បញ្ជា ហ៊ុន សែន។»

លោកបន្តថា៖

«យើងនឹង​ទាក់ទង​ក្រុមគ្រួសារកងទ័ព ក្រុមគ្រួសារទាហាន ទាហានកូនកសិករ ម៉ែឪធ្វើស្រែ ម៉ែឪឈឺចាប់យ៉ាងណាឥឡូវនេះ គេយកដី គេកាប់ព្រៃ អត់ទីផ្សារលក់ផលដំណាំ ក្រជំពាក់លុយគេវ័ណ្ឌក ទាំងឪទាំងកូន ចំណាកស្រុកទៅថៃ ស្មានថាសប្បាយចិត្តឬ? (…) យើងមើលទៀត កូនទាហានប្រាក់ខែយ៉ាងម៉េច ប្រៀបធៀបនឹងនាយទាហាន ឧត្ដមសេនីយ៍ធំៗ ដែលគេមានលុយកប់ពពក វីឡារាប់មិនអស់ (…) វាអយុត្តិធម៌សម្រាប់កូនទាហានទាំងហ្នឹង ហើយទៅការពារ ហ៊ុន សែន ដល់ណាទៀត?»

«បើយើងផ្ដល់ឱកាស ឱ្យងើបទាំងអស់គ្នា (…) អ្នកណាមានកាំភ្លើងមួយដើម ទុកកាំភ្លើងហ្នឹងការពារខ្លួនឯង ទុកកាំភ្លើងហ្នឹង​ការពារប្រជារាស្ត្រ ទុកកាំភ្លើងហ្នឹង​ការពារទឹកដីប្រទេស​កម្ពុជា កុំការពារ​អំណាចផ្ដាច់ការ។ យើងនឹងធ្វើ​ឲ្យ​ទឹកចិត្ត​ប្រជារាស្ត្រ ចូលទៅដល់ទឹកចិត្ត​រ​បស់កងកម្លាំង​​ប្រដាប់អាវុធ។ ហ្នឹងហើយហៅថា ចិត្តសាស្ត្រ។ សង្គ្រាមចិត្តសាស្ត្រ  អត់មានបង្ហូរឈាមទេ។ មេទ័ពដែលពូកែ គឺដណ្ដើមជ័យជំនះ ដោយមិនចាំបាច់បង្ហូរឈាម។»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។