កម្ពុជា

ហ៊ុន សែន ជូនពរ​ថ្ងៃបិទ​«រ៉ាម៉ាឌន» ដោយរំឭក​ពី​«សន្តិភាព»

បើអបអរថ្ងៃចូល «រ៉ាម៉ាឌន» ដោយរំឭកពី «សន្តិភាព» ហេតុអ្វីក៏មិនជូនពរថ្ងៃបិទ «រ៉ាម៉ាឌន» ដោយពាក្យដដែល មិនបាន? ពាក្យ«សន្តិភាព» ដែលសឹងតែក្លាយជា «ធម៌រត់មាត់» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ត្រូវទន្ទេញ នៅរៀងរាល់ការថ្លែង របស់លោកទៅកាន់ពលរដ្ឋ មិនថាពលរដ្ឋសាមញ្ញ ឬជាសាសនិកជន នៃសាសនាណាទេ។

ថ្ងៃបិទខែបួស របស់សាសនិក«ឥស្លាម» ដែលហៅថា «រ៉ាម៉ាឌន» ត្រូវបានលោក ហ៊ុន សែន យកមកធ្វើជាឱកាស ដើម្បីលោក​បាននិយាយ​ជាថ្មីទៀត នូវអ្វីមួយ ដែលបុរស​ខ្លាំង​ហៅថា ជាការ«ចូលរួមថែរក្សា សន្តិភាព» និងការជឿជាក់​«លើការដឹកនាំ» ជិត​៤ទសវត្សន៍ របស់លោក​កន្លងមកនេះ។

ខាងក្រោមនេះ ជាការដកស្រង់ទាំងស្រុង នៃឃ្លាឃ្លោងពាក្យពេជន៍ របស់មេដឹកនាំកម្ពុជា ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន៖

«ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូន សាសនិក​ខ្មែរ​ឥស្លាម​កម្ពុជា ក្នុង​និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភព លោក​ផងដែរ ដែលបានបញ្ចប់ នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា​ ហេីយនឹងរីករាយស្វាគមន៍ បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កេីត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២០។»

«ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែលបានចូលរួម​ថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យក​សាសនា​ផ្សេងៗ ហើយមានជំនឿ​ជឿជាក់ លើការដឹកនាំរបស់ខ្ញុំ និង​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​តរៀងមក ជាពិសេស​បានចូលរួម ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​ទប់ស្កាត់ ការរីករាលដាល [នៃ]ជំងឺកូវីដ-១៩ ដោយ​គោរព​អនុវត្តបាន យ៉ាងខ្ជាប់ខ្ជួន​ទៅតាម​សារាចរណែនាំ និងសេចក្ដីណែនាំ ទៅតាម​វិធានការនាៗ របស់រាជរដ្ឋាភិបាល។»

«ខ្ញុំក៏សូមអំពាវនាវ​ ឱ្យបងប្អូនបន្តអនុវត្ត តាមនូវរាល់វិធានការនានា របស់​រាជរដ្ឋាភិបាល​ ក្នុង​ការការពារ​ពីជំងឺ​កូវីដ-១៩នេះ​ ទោះបីអ្នកជំងឺកូវីដ-១៩ បានជា​សះស្បេីយ​​អស់​ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹម​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវ មាន​ការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លង ដ៍កាចសាហាវនេះ នោះឡើយ។»

«ខ្ញុំ និងភរិយា សូមបួងសួងអោយបងប្អូនទាំងអស់​ ទទួលបាននូវសេចក្កីសុខ​ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល​ ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់​ពីអល់ឡោះ​គ្រប់ៗ​គ្នា និង​សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយ នៃខែបួស​រ៉ម៉ាឌន ដែលបងប្អូន​បានប្រតិបត្តិ កុំបីអាក់ខានឡើយ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។