បើមាន«គ្រួស ឬខ្សាច់»នៅនឹងបាតជើង ត្រូវយកចេញឲ្យអស់ ដើម្បីអនុញ្ញាតឲ្យលោក និងរដ្ឋាភិបាលលោកដើរទៅមុខ។ បុរសខ្លាំងកម្ពុជាបានអះអាងដូច្នេះ ដើម្បីព្រមានទៅដល់មន្ត្រីរាជការ និងមន្ត្រីប្រដាប់អាវុធទាំងឡាយ ដែលលោកអះអាងថា បង្កឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេស និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលលោក។
នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភរបស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងព្រឹកថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖
«បើមាន គ្រួស ឬខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងយើងឲ្យអស់ បើមិនដូច្នោះទេ យើងមិនអាចដើរទៅមុខទៀតបានទេ ឬក៏យើងដើរទៅ [អាចធ្វើឲ្យ]ពងជើងរបស់យើង ឬឈឺជើងរបស់យើង។»
នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣៤ឆ្នាំ បានពន្យល់ថា៖
«ខ្ញុំចង់និយាយថា មន្ត្រីរាជការណាដែលធ្វើអំពើផ្ដេសផ្ដាស ត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬពួកគេត្រូវទទួលវិន័យធ្ងន់ធ្ងរជាងនេះ តាមរយៈនៃការផ្ដន្ទាទោសដោយច្បាប់។»
លោក ហ៊ុន សែន បានបង្ហើបឲ្យដឹងបន្តថា នៅប៉ុន្មានម៉ោងខាងមុខ នឹងមានករណីមួយចំនួន ត្រូវបានទម្លាយចេញឲ្យដឹងជាសាធារណៈ។ លោកថា៖
«នៅប៉ុន្មានម៉ោងខាងមុខទៀតនេះ យើងនឹងដឹងរឿងខ្លះៗ ដែលខ្ញុំចាត់ទុកថា ពេលនេះ ខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ កណ្ដុរក៏វ៉ៃ កណ្ដូបក៏វ៉ៃ រ៉ុយក៏វ៉ៃ វ៉ៃទាំងអស់។ ឲ្យតែបំផ្លាញ-រំខានដល់ផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវតែវ៉ៃហើយ។ ខ្ញុំដើរដល់អភិក្រមទី៥ ដែលចាំបាច់ត្រូវតែធ្វើហើយ។»
ការព្រមានរបស់លោក ហ៊ុន សែន ចំពោះមន្ត្រីអសកម្ម មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ។ កាលពីលើកមុន បុរសខ្លាំងកម្ពុជានេះ ថែមទាំងសន្យាថា នឹងកាត់កខ្លួនលោកគ្រវាត់ចោលនោះទៀត ប្រសិនណាជាបទល្មើសព្រៃឈើ មិនត្រូវបានបង្ក្រាបឲ្យអស់ទេនោះ។
តែរាល់ការព្រមានលើកមុនៗនោះ ត្រូវបានលោកចាត់ទុក ក្នុងព្រឹកថ្ងៃសុក្រនេះថា ជា«ការអប់រំណែនាំ» ដែលលោកបានប្រើពេលច្រើនហើយ។ លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖
«ខ្ញុំគ្មានពេលបន្ថែម អប់រំណែនាំបន្ថែមទេ ព្រោះខ្ញុំបានប្រើពេលច្រើនហើយ។ ដូច្នេះ ខ្ញុំអត់មានពេល ដើម្បីនឹងនិយាយ ជាមួយអស់លោកអ្នក តទៅទៀតទេ។ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ កុំថាអ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៏ខ្ញុំយកចេញ។ ពាក្យដែលខ្ញុំប្រើថា ខ្លាក៏វ៉ៃ កន្លាតក៏វ៉ៃ រ៉ុយក៏វ៉ៃ វ៉ៃទាំងអស់។»៕