កម្ពុជា

ហ៊ុន សែន ព្រមានធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា

«បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ !» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងអ្នកវិភាគទាំងឡាយ ដែលលើកឡើងថា ការលុប​ថ្ងៃ៧មករា ចេញពីថ្ងៃបុណ្យជាតិ ទំនងជាការដកខ្លួនរបស់គណបក្សប្រជាជនកម្ពុជា ចេញពី​ឥទ្ធិពល​វៀតណាម។

បុរសខ្លាំងនៅកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ (រាជធានីភ្នំពេញ) ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវ ឆ្លងកាត់ទន្លេសាប ក្នុងព្រឹកថ្ងៃចន្ទ ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

លោក ហ៊ុន សែន បានប្រកាសថា គ្មានថ្ងៃ ដែលគណបក្សប្រជាជនកម្ពុជារបស់លោក បំភ្លេចថ្ងៃ៧មករានោះឡើយ ដោយលោកហៅថា ថ្ងៃ៧មករា ជាសមិទ្ធិផលដ៏ចម្បង របស់គណបក្សរបស់លោក និងប្រជាជនកម្ពុជា។ លោកបានប្រាប់ឲ្យអ្នកវិភាគ ដែលលោកហៅថា អ្នកវិភាគ«ស្ទើភ្លើង»ទាំងនោះ ឲ្យត្រូវ«សិក្សា​ឲ្យបានច្បាស់»បន្ថែមទៀត។

លោកថា៖

«ខ្ញុំសូមបញ្ជាក់ ទៅអស់លោកបណ្ឌិតទាំងឡាយ ដែលធ្វើការវិភាគរបៀបនេះ [ថា] គ្មានពេលណា ដែលគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ដែលរស់រានមានជីវិត ដោយសារ៧មករា បំភ្លេចថ្ងៃ៧មករានោះទេ។ អ្នកឯងត្រូវចាំអាកន្លែងនេះ។ បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បីការពារថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ។»

បន្ទាប់ពីលើកទ័ព ចូលឈ្លានពានប្រទេសកម្ពុជា នៅចុងឆ្នាំ១៩៧៨ ចូលមកដើមឆ្នាំ១៩៧៩ ដើម្បីបណ្ដេញក្រុមខ្មែរក្រហម ឲ្យចេញពីអំណាចនោះរួច កងទ័ពវៀតណាមបានបន្តុបរដ្ឋាភិបាលកម្ពុជាមួយឡើង ក្នុងនោះរួមមានលោក ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ដែលត្រូវបានតែងតាំង ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួង​ការបរទេស នៅពេលនោះ។ ក្រោមការរៀបចំ​ចាត់ចែង របស់រដ្ឋបាលក្រុងហាណូយដដែល លោក ហ៊ុន សែន ក៏ត្រូវបានតែងតាំង ឲ្យក្លាយជានាយករដ្ឋមន្ត្រី ក្នុងខែមករា ឆ្នាំ១៩៨៥ និងបន្តអង្គុយក្នុងតំណែងនេះ ជានិច្ចរហូតមក៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។