កម្ពុជា

ហ៊ុន សែន ចង់ឃើញ​មុខ​«អ្នកដែលសប្បាយ»​ពេលអ៊ឺរ៉ុប​ធ្វើបាបលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃនេះ ថារដ្ឋាភិបាលរបស់លោក នឹងមិនខ្វល់ពីការដកប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុប ហៅថា «គ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ – EBA» នោះឡើយ ដោយលោកថ្លែងថា កម្ពុជានៅតែអនុវត្តពាក្យ «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» ហើយចង់មើលមុខ អ្នកដែលសប្បាយ ពេលឃើញបរទេស​ធ្វើបាប​របបដឹកនាំ​របស់លោក។

បុរសខ្លាំងកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ បន្ទាប់ពីលោកមិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល២០ថ្ងៃមកហើយ។

លោក ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្រើន ពីហេតុការណ៍ចុងក្រោយ ទាក់ទងប្រព័ន្ធអនុគ្រោះ «EBA» ដែលសហភាពអ៊ឺរ៉ុប ទើបនឹងប្រកាសបើកនីតិវិធី ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីនេះ ក្នុងរយៈពេលច្រើនខែខាងមុខ ប្រសិនណាជាប្រទេស​កម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានល្អប្រសើរ​វិញទេនោះ។

សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅក្នុងតំណែងនេះ តាំងពី៣៤ឆ្នាំមកនោះ ការទាមទារ​របស់សហភាពអ៊ឺរ៉ុប គឺជាការរំលោភលើអធិបតេយ្យភាព និងឯករាជភាពកម្ពុជា ដែលលោកប្ដេជ្ញាមិនយកមកធ្វើជាថ្នូរបានឡើយ។ លោកបានអំពាវនាវ ទៅកាន់ប្រជាជន​កម្ពុជាថា៖

«ជនរួមជាតិ ជាពិសេសកម្មករកម្មការិនី បើនៅតែមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល សុំកុំខ្វល់ពីនរណានិយាយពីអ្វី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជន បើនៅតែទទួលបានបៀវត្សរ៍ ពីរសប្ដាហ៍ម្ដង គឺត្រូវបន្តតាមពាក្យ «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ។ យើងក៏ចង់ឃើញមុខ អ្នកដែលសប្បាយ ដែលឃើញបរទេសធ្វើបាបយើង។»

ការចង់ឃើញមុខ«អ្នកដែលសប្បាយ» ទំនងជាលោក ហ៊ុន សែន ចង់សំដៅទៅលោក សម រង្ស៊ី ដែលជាគូបដិបក្ខផ្នែកនយោបាយ ដ៏ស្រួចស្រាវរបស់លោក។ តែលោកបានព្យាយាមពន្យល់វិញថា លោកមិនចង់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងរូបនេះទេ។ លោកថា៖

«ខ្ញុំក៏កំពុងចង់មើលមុខ អ្នកដែលរង់ចាំអាខ្មោច ដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់។ នេះ មិនមែនជាកាផ្ចាញ់ផ្ចាលមួយទេ ក៏ប៉ុន្តែវាជារឿងជាក់ស្ដែងមួយ ដែលអ្នកត្រូវយល់ យើងទាំងអស់គ្នាត្រូវយល់ ខ្ញុំគ្មានការចាំបាច់ ឆ្លើយតបជាមួយនរណាទាំងអស់ ប៉ុន្តែខ្ញុំមានភារកិច្ច ពន្យល់ពលរដ្ឋ១៦លាននាក់។»

លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនស្លាប់ ហើយក៏មិនក្លាយជាអ្នកមាន ដោយសារប្រព័ន្ធអនុគ្រោះ របស់សហភាពអ៊ឺរ៉ុបនោះឡើយ។ លោកបញ្ជាក់ថា លោកសុខចិត្តប្រឹងធ្វើអ្នកមាន ជាជាងនៅជាអ្នកក្រ ឲ្យសហភាពអ៊ឺរ៉ុបម៉ាក់ងាយ។ លោកនិយាយថា៖

«កម្ពុជាមិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះ EBA តែក៏មិនអាចធ្វើអ្នកមាន ដោយសារភាពអនុគ្រោះ EBA ដែរ។ គេគ្រាន់តែអនុគ្រោះឲ្យបន្តិចៗហ្នឹង អញ្ចឹងធ្វើអ្នកមានបានឬទេ? បើក្លាយជាអ្នកមានហើយ គេឈប់ឲ្យហើយអាហ្នឹងនោះ។ អញ្ចឹងត្រូវប្រឹងធ្វើអ្នកមានតែម្ដងទៅ វាមិនល្អជាង?»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។