កម្ពុជា

ហ៊ុន សែន បង្កើត​និង​ដឹកនាំ​គណៈកម្មការ​ជាតិ​ប្រឆាំង​«Covid-19»​

គណៈកម្មការជាតិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» បានចេញជារូបរាងហើយ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ។ គណៈកម្មការនោះ ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចមួយ និងចុះហេត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានរូបលោកខ្លួនឯង ជាប្រធាន។

គណៈកម្មការ ដែលមានឈ្មោះថា គណៈកម្មការជាតិ«ប្រយុទ្ធនឹងជំងឺកូវីដ១៩» មានសមាសភាពប្រមាណជិត៥០នាក់ ក្នុងនោះមានប្រធានម្នាក់ (គឺលោក ហ៊ុន សែន) អនុប្រធាន៥នាក់ (ម្នាក់ជាអនុប្រធានប្រចាំការ) និងសមាជិកប្រមាណជាង៤០នាក់ផ្សេងទៀត។

រីឯភារកិច្ចរបស់គណៈកម្មការនេះ មានភារកិច្ច (១)កំណត់គោលគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩ (២)ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ (៣)គ្រង់គ្រងផលប៉ះពាល់ លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ និង(៤)ដឹកនាំ និងសម្របសម្រួល ការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

គណៈកម្មការជាតិមួយនេះ បង្កើតឡើងតែប៉ុន្មានថ្ងៃ ក្រោយគណៈកម្មការអន្តរក្រសួងមួយមុន ដែលត្រូវបានបង្កើតឡើង ក្រោមសេចក្ដីសម្រេច ចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។