កម្ពុជា

ហ៊ុន សែន ថា​ទទួលទាន​នំបញ្ចុក​ មាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព

ក្រៅពីពង្រឹងសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ ការទទួលទាននំបញ្ចុក ក៏ផ្តល់គុណប្រយោជន៍ សម្រាប់សុខភាពអ្នកទទួលទានដែរ។ នេះ បើតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្តាញសង្គម កាលពីប៉ុន្មាននាទីមុន។

ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើន ស្ដីពីការជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុក ក្នុងថ្ងៃទី៩ ខែមិថុនានេះ។ លោកបានសរសេរភ្ជាប់ថា៖

«យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើង ពី “សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ តាមពិត នំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់ សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំ ដែលសុទ្ឋសឹងជាសារធាតុជំនួយ ដល់សុខភាពទាំងអស់។»

មេដឹកនាំកម្ពុជា បានបន្តថា៖

«ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផល ដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា។»

កាលពីដើមសប្តាហ៍នេះ លោក ហ៊ុន សែន បានប្រកាសបញ្ជាទៅសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនរបស់លោក ឲ្យរៀបចំធ្វើ និងទទួលទាននំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែមិថុនានេះ ដើម្បីឆ្លើយតប ទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើង ជាលក្ខណៈអន្តរជាតិ ដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ពីក្រៅប្រទេស។

បន្ទាប់មក នៅថ្ងៃព្រហស្បតិ៍ បុរសខ្លាំងរូបនេះបានព្រមានមន្ត្រីគណបក្សប្រឆាំង កុំឲ្យយកនំបញ្ចុក ទៅភ្ជាប់នឹងនយោបាយ ដោយលោកអះអាងថា ការទទួលទាននំបញ្ចុកជុំគ្នាថ្ងៃនេះ ធ្វើឡើងក្នុងលក្ខណៈ ជាការសាមគ្គីជាតិ និងឯកភាពជាតិសុទ្ធសាធ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។