នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅព្រឹកនេះ បើកផ្លូវឲ្យលោក លឺ ឡាយស្រេង ដែលបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស អាចវិលត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាទៅតុលាការ កុំឲ្យចោទប្រកាន់ ឬចាប់ទោសអូសដំណើរអ្វីឡើយ ចំពោះអតីតឧបនាយករដ្ឋមន្ត្រីរបស់លោក។
កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ លោក លឺ ឡាយស្រេង ដែលជាអតីតឧបនាយករដ្ឋមន្ត្រី កូតាគណបក្សហ្វុនស៊ីនប៉ិច បានបង្ហោះវីដេអូផ្សាយផ្ទាល់មួយ ដើម្បីស្នើសុំលោក ហ៊ុន សែន អនុញ្ញាតឲ្យរូបលោក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឲ្យបានយ៉ាងហោចណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។
លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជា កាលពីអំឡុងចុងឆ្នាំ២០១៧ បន្ទាប់ពីលោកបានរងបណ្ដឹងចំនួនពីរ ៖ បណ្ដឹងមួយរបស់លោក ហ៊ុន សែន និងបណ្ដឹងមួយទៀត របស់គណបក្សហ្វ៊ុនស៊ីនប៉ិច ជុំវិញបទបរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រ។
ថ្លែងនៅចំពោះនិស្សិតរាប់ពាន់នាក់ មកពីវិទ្យាស្ថានមួយ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានឆ្លើយតបវិញ តាមការស្នើសុំនោះរបស់លោក លឺ ឡាយស្រេង។ លោកថ្លែងថា៖
«បើតាឯងចិត្តសឿង មកថ្ងៃនេះក៏បាន ថ្ងៃស្អែកក៏បាន… ខ្ញុំទៅរករឿងអី តាឯង?»