កម្ពុជា

ហ៊ុន សែន បញ្ជាតាម​សារបែកធ្លាយ​ឲ្យ«សម្លាប់ក្រុមប្រឆាំង»​ក្នុងស្រុក​ឲ្យអស់

មេដឹកនាំដ៏មានអំណាច របស់កម្ពុជា លោក ហ៊ុន សែន បានបញ្ជាទៅមនុស្សក្រោមបង្គាប់​លោក ឲ្យ«សម្លាប់ក្រុមប្រឆាំង» នៅក្នុងប្រទេសឲ្យអស់ ដោយលោកបានបញ្ជាក់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអ៊ឺរ៉ុប គឺជា«ឱកាស»​សម្រាប់​​របបដឹកនាំ​របស់លោក  ក្នុងការ«លត់​ពួកអានៅ​ខាងក្នុង»​ដូច្នេះ​ហើយ។

លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសារ​ជាលក្ខណៈ​ឯកជន​ ជាង១២នាទី ដែលលោក​បាន​បញ្ជូន​​​ទៅកាន់​​មនុស្ស​​ជំនិតៗ​​របស់​លោក នៅក្នុងប្រព័ន្ធ​​បញ្ជូនសារមួយ ហើយដែលត្រូវបានបែកធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ។

លោកថ្លែងឡើងថា៖

«មួយផ្នែកទៀត គឺរឹតពួកអាប្រឆាំង ឲ្យវារលំរលាយកាន់តែឆាប់ ព្រោះគ្មាននរណា (សហគមន៍អន្តរជាតិ) នឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះហើយ។ ដូច្នេះ ជាឱកាសដើម្បីយើងលត់ ពួកអានៅខាងក្នុង ផ្ដាច់ខ្សែសង្វាក់របស់វាឲ្យអស់។ ឥឡូវវាកំពុងដើរ​តាមប្រជុំនៅ​តាមហាង នៅតាមស្អីនានា ដែលខ្ញុំសុំយកឱកាសនេះ ខ្ញុំនឹងបញ្ជូនបញ្ហានេះ សម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានា ទៅតាម​គ្រប់កន្លែងផងដែរ ព្រោះយើង មិនអាចឲ្យពួកអាក្រុមនេះរស់ទេ។»

ប៉ុន្តែការលើកឡើង​របស់បុរសខ្លាំងកម្ពុជា ដែលបញ្ជាឲ្យ​«សម្លាប់ក្រុមប្រឆាំង»​ខាងលើ ហាក់មានបំណង​​ចង់បង្អាក់ លោក សម រង្ស៊ី ដែលជាគូបដិបក្ខរបស់លោក កុំឲ្យធ្វើមាតុភូមិ​និវត្តន៍​បាន។ លោកបាន​និយាយថា៖

«ព្រោះបើបានជាជ្រុលអញ្ចឹងទៅហើយ គឺថាលេងម៉ាអស់ដៃ ដើម្បីផ្ដាច់បណ្ដាញរបស់វា កុំឲ្យវាមានឈ្នាន់ឲ្យសោះ ហើយគោលដៅរបស់យើង សម្រាប់ការលើកលែង គឺមិនអាចមានការលើកលែង ជាមួយនរណាក៏ដោយ ដែលមានការប៉ុនប៉ង សម្រាប់ធ្វើជាឈ្នាន់សម្រាប់ការចូលមករបស់ សម រង្ស៊ី ដើម្បីចូលស្រុក គឺយើងមិនអាចលើកលែងនោះទេ។»

មេដឹកនាំរបបឯកបក្ស បានបញ្ជាក់ឡើងវិញថា៖

«គឺកំចាត់ចោលកម្លាំងប្រឆាំងទាំងអស់ ដែលជាបណ្ដាញរបស់អតីតសង្គ្រោះជាតិ ដោយមិនឲ្យពួកនេះរើក្បាលរួច និងមិនមានលទ្ធភាព មកចូលរួមបោះឆ្នោត សម្រាប់ឆ្នាំ២០២២ ហើយក៏មិនអាចបន្ត ទៅឆ្នាំ២០២៣ដែរ។»

លោកបានបញ្ជា ទៅក្រុមមនុស្សក្រោមបង្គាប់របស់លោក រួមមានអ្នកនាំពាក្យរដ្ឋាភិបាល ឬតាមបណ្ដាក្រសួងធំៗ ព្រមទាំងអ្នកនាំពាក្យរដ្ឋសភា-ព្រឹទ្ធសភា ឲ្យឈប់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ព្រោះជាល្បិច​របស់មេដឹកនាំប្រឆាំង ដើម្បីកុំឲ្យគេភ្លេច នឹងអាលចូលមកក្នុងកញ្ចប់ នៃកិច្ចចរចាជាយថាហេតុណាមួយ ហើយក្លាយជាភាគីមួយ ដើម្បីមកតថ្លៃជាមួយលោក។

តែមេដឹកនាំរូបនេះ បានអនុញ្ញាត​ឲ្យ​សារព័ត៌មាន​ស្និតនឹង​លោក ជាអ្នកឆ្លើយឆ្លង​ជំនួសវិញ។ សារព័ត៌មាន​ប្រភេទនោះ មានដូចជា «Fresh News» ជាដើម។ លោក ហ៊ុន សែន បានប្រាប់ឲ្យស្រង់មតិ​របស់អ្នកវិភាគ ដែលនិយមប្រឆាំងលោក សម រង្ស៊ី ដូចយ៉ាងលោក សុខ សុគន ហៅ «ជេម សុខ» យកមកចុះផ្សាយ។

សម្រាប់លោក ហ៊ុន សែន ការដាក់ទណ្ឌកម្ម  ពីសំណាក់សហគមន៍អន្តរជាតិ ក៏ជាឱកាស «ងាយស្រួយ» និង«មិនពិបាក»សម្រាប់លោក ព្រោះនឹងគ្មាននរណា មកចលនាឲ្យ​លោក​លើកលែងទោស ឲ្យ«អា កឹម សុខា» និង«អា សម រង្ស៊ី»បានទៀតដែរ៕

ខាងក្រោមនេះ ជាខ្សែអាត់សម្លេងទាំងស្រុង​របស់លោក ហ៊ុន សែន៖

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។