កម្ពុជា

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។

អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា សំដៅឡើងនោះ ត្រូវបានគេមើលថា គ្មាននរណាផ្សេង ក្រៅពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃត្រូវបានសន្និសីទក្រុងអាត្លង់តា ជ្រើសតាំងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ ឲ្យក្លាយជាប្រធានស្ដីទីគណបក្សនោះឡើយ។

សារដ៏ខ្លីរបស់លោក ហ៊ុន សែន បានអះអាងជាដំបូងថា សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាពិភាក្សា និងអនុម័តនៅថ្ងៃស្អែកនេះ ជាច្បាប់ដែលគោលដៅ ទៅរកគណបក្សនយោបាយទាំងអស់ នៅកម្ពុជា និងថា មន្ត្រីគណបក្សណាមួយ ដែលត្រូវតុលាការហាមឃាត់ ធ្វើនយោបាយ ហើយមានបំណងចង់លើកបម្រាមនេះវិញ ត្រូវធ្វើសេចក្ដីស្នើសុំ ទៅកាន់រូបលោក តាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី បានថ្លែងចំអក ទៅឲ្យលោក សម រង្ស៊ី ថា៖ «ខ្ញុំមិនចង់តមាត់តក ជាមួយនរណាទាំងអស់ ព្រោះវាក្មេងពេក ខ្ចីពេក។ អត់និយាយ! ហើយទុកឲ្យគេវិនិច្ឆ័យ​សភាពការណ៍​ខ្លួន​គេ​ចុះ (…) ខ្ញុំបាននិយាយហើយថា ខ្ញុំមិនតបតរ ខ្ញុំនៅស្ងៀម។»៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។