កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ក្រោមជំនួយឧបត្ថម្ភ របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងព្រឹកថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ។

ចម្រៀងលើកក្រោយ របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានលោកបង្ហើបឲ្យដឹង ពីទំនុកខ្លីមួយ​ដូច្នេះថា៖

«បងជា ទន្សាយរត់បានឆ្ងាយ ព្រោះចាញ់ភ្នាល់។»

កន្លងមកថ្មីៗ លោក ហ៊ុន សែន បានបញ្ចេញទំនុកច្រៀង «ទទាយំឆ្លង» ចំនួនពីរដងរួចហើយ។ ទំនុកលើកទីមួយ ចាប់ផ្ដើមដោយឃ្លាថា «ទទាយំឆ្លង ត្រយ៉ងបងអើយ អត់ឆ្លើយ» ខណៈទំនុកច្រៀងលើកទីពីរ ចាប់ផ្ដើមដោយឃ្លាថា «ទទាយំឆ្លង ត្រយ៉ងបងអើយ រត់ហើយ»។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖

«សុំកុំឲ្យអ្នកខ្លះ រើសយកមកដាក់ខ្លួន។»

យ៉ាងណា ក៏ចម្រៀងនេះត្រូវបានគេមើលឃើញថា លោក ហ៊ុន សែន បានធ្វើវាឡើង ដើម្បីចំអកឲ្យលោក សម រង្ស៊ី គូបដិបក្ខនយោបាយដ៏​ស្រួចស្រាវរបស់លោក ដែលប្រកាសភ្នាល់ជាមួយលោក កាលពីយប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថាបើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ លោកនឹង​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ចាប់​។

ការហាម «អ្នកខ្លះ កុំរើសយកមកដាក់ខ្លួន» ទំនងជាត្រូវលោក ហ៊ុន សែន លើកឡើង ដើម្បីឲ្យស្រប​តាមបទបញ្ជារបស់លោក ដែលហាមមន្ត្រី​ជំនិត​របស់លោក ឲ្យឈប់ឆ្លើយឆ្លង អំពីរឿងអ្វីក៏ដោយ ជាមួយលោក សម រង្ស៊ី។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេមិនឃើញលោក សម រង្ស៊ី មានសកម្មភាព ឬបង្ហោះសារអ្វី តបតរទៅលោក ហ៊ុន សែន វិញទេ។ មេដឹកនាំប្រឆាំង គ្រាន់តែបានពន្យល់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថាការភ្នាល់គ្នានោះ ត្រូវបានចាត់ទុកជា​«មោឃៈ»​ ដោយលោកទម្លាក់កំហុស ទៅលោក ហ៊ុន សែន ថាបានប្ដូរលក្ខខណ្ឌ​ជាឯកតោភាគី តាមតែទំនើងចិត្ត៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។