កម្ពុជា

ហ៊ុន សែន សំដែង​«ការឈឺចាប់»​នឹង​ការបណ្ដេញ​មន្ត្រី​អាវុធហត្ថ​ម្នាក់

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបណ្ដេញលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ គឺជាការវះកាត់ប្រកបដោយ«ការឈឺចាប់»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះក្នុងយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមបណ្ដាញសង្គម បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ទៅតាមអ្វីដែលបុរសខ្លាំងកម្ពុជាខ្លួនបានទូលថ្វាយ ឲ្យដកផ្កាយ និងតំណែងលោក គឹម រស្មី ចេញ។

នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានសរសេរ​អមនឹង​ការបង្ហោះ​ព្រះរាជក្រឹត្យនោះ យ៉ាងដូច្នេះថា៖

 «នេះគឺជាវះកាត់ប្រកបដោយ ការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់។»

គេមិនដឹងតើហេតុអ្វី បានជាលោក ហ៊ុន សែន ចាំបាច់សំដែង«ការឈឺចាប់» ប្រសិនជាលោកចង់ដកឬបណ្ដេញមន្ត្រីណា ដែលមានកំហុសឬអសកម្ម នៅក្នុងតួនាទីការងាររបស់ខ្លួននោះ?

លោក គឹម រស្មី មានឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ) និងត្រូវបានគេស្គាល់ថា ជាប្អូនថ្លៃរបស់លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានសរសេរភ្ជាប់ការបណ្ដេញលោក គឹម រស្មី ចេញពីក្របខណ្ឌយោធា ទៅនឹងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គម កាលពីពេលថ្មីៗ បង្ហាញថា មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីរូបនេះ បានចែកប្រាក់ដល់កូនៗចំនួន​៥នាក់ ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។

សារព័ត៌មានទាំងនោះ ដែលរាប់បញ្ចូល​ទាំង​សារព័ត៌មាន​ស្និតនឹង​លោក ហ៊ុន សែន ផង បានអះអាងថា ការចែកប្រាក់​កន្លះលានដុល្លារនេះ ធ្វើឡើងនៅក្នុងពិធីខួបកំណើតមួយ កាលពីយប់​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយរាយការណ៍​បន្តថា ពិធីចែកប្រាក់ដ៏សន្ធឹកសន្ធាប់ បានបង្កឲ្យមានចំងល់ពីមហាជន ថាលោក គឹម រស្មី មានទ្រព្យសម្បត្តិមកពីណា មកចែកឲ្យកូនៗ រហូតដល់៥០ម៉ឺនដុល្លារដូច្នេះ។

សម្រាប់អ្នកឃ្លាំមើលបញ្ហាសង្គមវិញ បានអះអាងថា លោក ហ៊ុន សែន ដូចជាមិនចាំបាច់ត្រូវ​ឈឺចាប់​ឲ្យឈឺក្បាល​អ្វីទេ បើមន្ត្រីនោះប្រព្រឹត្តិខុស។ ក្រុមអ្នកវិភាគ​ទាំងនោះ បានពន្យល់ទៀតថា តាមពិតទៅ លោក ហ៊ុន សែន ត្រូវបង្គាប់​ឲ្យមានការស៊ើបអង្កេត ថាតើលោក គឹម រស្មី មានប្រាក់ដ៏សម្បើមនេះពីណាមក មិនមែនគ្រាន់តែដកមន្ត្រីរូបនេះ​ចេញ រួចមកត្អូញថា​ឈឺចាប់ ដើម្បីប្រជាប្រិយភាព​ខ្លួនឯង​នោះទេ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។