Covid-19 ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងប្រកាសឲ្យដឹង ថាលោកមានចៅថ្មីមួយរូបទៀត។ តែផ្ទុយពីគ្រួសារលោក ក្នុងនោះរួមទាំងភរិយាលោកផង ដែលបានទៅចាប់បីទារិកាថ្មី បុរសខ្លាំងកម្ពុជាអះអាងថា លោកមិនអាចទៅបីចៅ«ទី២១»រូបនេះ បានឡើយ ដោយសារតែ«ជំងឺឆ្លងកូវីត១៩»។
ជាមួយនឹងរូបថតច្រើនសន្លឹក ដែលបង្ហាញថា ភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហុនសែន បានចូលទៅបីទារិកា ដល់មន្ទីរពេទ្យសម្រាល លោក ហ៊ុន សែន បានសរសេរដោយអំណរ ពីចំងាយថា៖
«បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបាន ចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំនិងភរិយា។ ស្វាគមន៍និងជូនពរចៅ ទទួលបានសេចក្តីសុខ។»
ចៅទី២១របស់លោក ហ៊ុន សែន ជាបុត្រីរបស់លោក សុខ ពុទ្ធិវុធ (កូនប្រុសរបស់សពលោក សុខ អាន) និងអ្នកស្រី ហ៊ុន ម៉ាលី (កូនស្រីពៅរបស់លោក ហ៊ុន សែន)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា៖
«តាមិនបានទៅបីចៅ ចេញពីមន្ទីរពេទ្យ ដូចចៅមុនៗឡើយ ដោយសារតែជម្ងឺឆ្លងកូវីត១៩។»
សំណេររបស់បុរសខ្លាំង បានបង្កើតឲ្យមានមន្ទិល ចំពោះការឆ្លងជំងឺ«Covid-19» សម្រាប់រូបលោកផ្ទាល់ ដែលខុសពីអ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបង្ហាញវត្តមាន ជាសាធារណៈ និងបានធ្វើដំណើរចេញក្រៅ ដូចគេឯង។
យ៉ាងណា នេះជាមន្ទិល ដែលទម្លាយចេញ ដោយលោក ហ៊ុន សែន ខ្លួនលោក តាមរយៈសំណេរខាងលើ និងគ្មានប្រភពច្បាស់ការណ៍ណាមួយ បានបញ្ជាក់នៅឡើយ អំពីបញ្ហាសុខភាព របស់លោក។
ជារៀងរាល់ដង ដំណឹងលេចឮ ពីបញ្ហាសុខភាពរបស់លោក ហ៊ុន សែន គឺជារឿង«រសើប»ដែលគ្មានប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកណាមួយ ហ៊ានធ្វើសេចក្ដីរាយការណ៍ ឬធ្វើការអង្កេត ក្រៅពីការបង្ហើបឲ្យដឹង ដោយសាមីខ្លួននោះឡើយ។
ផ្ទុយទៅវិញ អ្នកណាដែលនិយាយ ពីបញ្ហាសុខភាពរបស់ បុរសខ្លាំងអាយុ៦៧ឆ្នាំរូបនេះ តែងទទួលរង ការគម្រាមតបវិញ ឬរហូតឈានដល់ចាប់ខ្លួន ពីបទញុះញង់ ឬបទប្រមាថជាដើម៕