កម្ពុជា

ហ៊ុន សែន បន្ត​និយាយ​ឆ្លើយឆ្លង​ ជាមួយ​«ឆ្កែ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានថ្លែងហៅលោក សម រង្ស៊ី ថាជា«ឆ្កែ»យ៉ាងពេញមាត់ ខណៈបុរសខ្លាំងនៅក្នុងអំណាច តាំងពីជាង៣៤ឆ្នាំរូបនេះ បានលើកឡើងជាបន្តបន្ទាប់ ថាលោកឈប់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងទៀតហើយ។ លោក ហ៊ុន សែន នៅបានតែងចម្រៀង «ទទាយំឆ្លង ត្រយ៉ងបងអើយ អត់ឆ្លើយ» ដែលមានន័យបញ្ជាក់ ចំពោះពាក្យសំដី «ឈប់ឆ្លើយឈប់ឆ្លង» នោះផង។

ពាក្យ«ឆ្កែ» ត្រូវបាននាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា ប្រើដំបូង នៅក្នុងការថ្លែងរបស់លោក នៅក្នុងប្រទេសជប៉ុន កាលពីចុងខែកន្លងទៅ។ ហើយនៅព្រឹកម៉ិញនេះ នៅចំពោះនិស្សិត​ជាច្រើនពាន់នាក់ លោក ហ៊ុន សែន បានហៅបន្តទៀត បើទោះជាលោកដឹងថា «អាម្សៀរនេះ» ចង់ឲ្យលោកតបនោះ​ក៏ដោយ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖

«អាឆ្កែមួយក្បាលនេះ ខ្ញុំកំដរដល់ទីបញ្ចប់។ សូមអញ្ជើញមក… គេចលនាស្អី ឲ្យកងទ័ព ឲ្យប្រជាពលរដ្ឋចាប់ ហ៊ុន សែន ៗ តើចាប់ហ្នឹងមានតម្លៃស្មើអី? ស្មើរដ្ឋប្រហារ ស្មើការប្រកាសធ្វើសង្គ្រាម។ ឥឡូវចេញមក វាឲ្យកូនខ្ញុំមកសងសឹកខ្ញុំទៅទៀត។»

លោក ហ៊ុន សែន បានរំឭកយកករណីកែរដ្ឋធម្មនុញ្ញ មកបញ្ជាក់ថា លោកបានប្រើលោក សម រង្ស៊ី បានសម្រេច ហើយថែមទាំងរំឭកដល់លោក សម សារី ដែលជាឪពុកលោក សម រង្ស៊ី និងសម្ដេចព្រះ នរោត្ដម សីហនុ នោះផង។ លោកថា៖

«ប៉ុន្តែអាឆ្កែមួយក្បាលនេះ ស្រួលប្រើកាលពីមុន ស្រួលប្រើមែនទែន។ ប្រើឲ្យជួយកែរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មក៥០បូក១ អាឆ្កែមួយក្បាលនេះ ស្រួលប្រើ។ ប៉ុន្តែអាឆ្កែមួយក្បាលនេះ ក្បត់ម្ចាស់រហូត ដូចឪវាអញ្ចឹងៗ។ ហ្អែងឈ្លើយម្លេះ? (…) អញហៅហ្អែង ពីថ្ងៃនេះទៅ ថាអាឆ្កែ កូនអាក្បត់ជាតិ។»

«កំដរលេង រហូតដល់ឆ្នាំ២០៣៥»

បុរសខ្លាំងបន្តថ្លែងខ្លាំងៗទៀតថា៖

«បើអាឆ្កែមួយក្បាលហ្នឹង វាអត់ទាន់ទៅណា ខ្ញុំករុណាក៏មិនទាន់ទៅណាដែរ រហូត… កុំថាត្រឹមឆ្នាំ២០២៨ នៅរហូតដល់២០៣៥ ក៏ខ្ញុំករុណានៅដែរ កំដរលេងជាមួយអាឆ្កែមួយក្បាលនេះ។»

ផ្ទុយពីការអះអាងខាងលើ របស់លោកខ្លួនឯង ដែលថា នឹងហៅលោក សម រង្ស៊ី ជា«សត្វឆ្កែ» ឬបន្ត«កំដរលេង» រហូតដល់ឆ្នាំ២០៣៥នោះ លោក ហ៊ុន សែន បានត្រឡប់មកជាន់សំដីខ្លួន សារជាថ្មីទៀត។ លោកបានថ្លែងដូច្នេះ នៅចុងបញ្ចប់នៃសារនយោបាយថ្ងៃនេះ របស់លោកថា៖

«និយាយត្រឹមតែថ្ងៃនេះទេ ថ្ងៃក្រោយអត់និយាយ ចំឈ្មោះហ្អែងទេ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។