កម្ពុជា

ហ៊ុន សែន ប្រៀបប្រដូច សម រង្ស៊ី ទៅនឹង​«សត្វឈ្លូស»

មេដឹកនាំរបបដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន បានព្រមានជាថ្មីថា លោកនឹងចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគារ ប្រសិនណាជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាន​ត្រឡប់ ចូលក្នុងប្រទេសវិញ។ ប៉ុន្តែលោក ហ៊ុន សែន បានឆ្លៀតចំអក ដាក់ប្រធានស្ដីទីគណបក្សប្រឆាំងថា ពូកែរត់គេចខ្លួន ដូច«សត្វឈ្លូស»។

ការប្រដូចលោក សម រង្ស៊ី ទៅនឹង«សត្វឈ្លូស» ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅចំពោះកម្មករ-កម្មការិនី ជាច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងពិធីសំណេះសំណាលមួយ ដែលប្រារព្ធធ្វើ ក្នុងព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ​២០១៩​នេះ នៅឯ​ខេត្តកំពត។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើង ដោយមិនបញ្ចេញឈ្មោះ ថា៖

«ខ្ញុំរង់ចាំពេលមួយ នឹងមកដល់។ ជំនួបមួយនឹងមកដល់ បើសិនជាអ្នកឯងចង់ជួបពិត។ អត់អីទេ ប្រកាសទៅ ផែនការរៀបចំយ៉ាងម៉េច អីយ៉ាងម៉េច អ្នកណាទៅពីខាងណា ពីព្រលានយន្ដហោះណា ស្អីកន្លែងណា ទៅរង់ចាំត្រង់ណា អង្គការសហប្រជាជាតិ អមដំណើរ មកពេលណា អីពេលណា ធ្វើទៅ! អញ្ជើញធ្វើ!»

«តើ ហ៊ុន សែន ចាត់ការរបៀបណា? ខ្ញុំអត់ចង់តមាត់តក អីទេ។ ព្រោះក៏ខ្ញុំ ចង់ឲ្យអ្នកមក ទីកន្លែងដែលអ្នកត្រូវនៅ តាមសាលក្រមរបស់តុលាការ ខ្ញុំចាំ! ខ្ញុំរង់ចាំអន្ទះសារ! យ៉ាងអន្ទះសារ។ អ្នកត្រូវដឹងសាលក្រមតុលាការ!»

«ដើររកអុស ប្រទះឈើងាប់»

លោក ហ៊ុន សែន បានរំលឹកយកសំដី របស់លោក ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ​របស់លោក ដែលបានអះអាង កាលពីម្សិលម៉ិញ មកបញ្ជាក់ដែរថា លោកបានទទួលដីកាពីតុលាការ ឲ្យចាប់ខ្លួនលោក សម រង្ស៊ី រួចហើយ។ លោកនាយករដ្ឋមន្ត្រី បន្តថា៖

«អញ្ចឹងមានទៅស្អី! ស្ដាយណាស់ ដែលអ្នកឯងរត់រួច ឥឡូវបានអ្នកឯងមកវិញ គឺវាស្មើនឹង ការដើររកអុស ប្រទះឈើងាប់។ ផ្ដាំទៅ!»

មេដឹកនាំកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពី៣៤ឆ្នាំមករូបនេះ នៅបានព្រមានបណ្ដាជនទាំងឡាយ ដែលគ្រោងទៅ​ទទួលលោក សម រង្ស៊ី ថាអាចនឹងត្រូវលោក ចាប់ដាក់គុកដូចគ្នាដែរ។ លោកថា៖

«ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូល​ប្រថុយជាមួយ! ប៉ុន្តែ ខ្ញុំហ៊ាន… [និយាយថា] អានេះប្រឹប និយាយពីឈ្លូស​ជាគ្នា! ប្រឹបប្រុច ប្រឹបប្រុច! និយាយពីលឿន…»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។