កម្ពុជា

ហ៊ុន សែន «ប្ដូរចិត្ត»ទទួល​ទាហាន​មួកខៀវ​ខ្មែរ និងបញ្ជូន​ទាហាន​ទៅជំនួស

ផ្ទុយពីការថ្លែងជាសាធារណៈ កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​«ប្ដូរចិត្ត»វិញ នៅថ្ងៃនេះ ថាលោកនឹងទទួលយក​កងកម្លាំងមួកខៀវកម្ពុជា ដែល​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលវេលាជាក់លាក់ ដែលកំណត់ដោយ​អង្គការ​សហប្រជាជាតិ (អ.ស.ប) រួចហើយនោះ។

ការ«ប្ដូរចិត្ត»របស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក​បាន​ថ្លែង ក្នុងពិធី​សម្ពោធ​សួនលេងទឹក​ឯកជន​មួយកន្លែង កាលពីព្រឹកម្សិលម៉ិញថា លោក​បាន​​ស្នើ​ ទៅ​ប្រមុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​ពន្យា​ពេល​ការ​ផ្លាស់ប្ដូរ​វេន​ កងទ័ព​មួកខៀវ​កម្ពុជា​មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ (Covid-19) ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

នៅព្រឹកថ្ងៃចន្ទនេះ បុរសខ្លាំងនៅកម្ពុជា បានសរសេរឲ្យដឹង​នៅលើទំព័រ​ហ្វេសប៊ុក​របស់លោកថា៖

«ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរ​កងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅព្រឹក​នេះ ខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យាពេល ការវិលត្រឡប់របស់ កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវ ទៅជំនួសនោះទេ។»

ប្រភពមួយស្និតនឹងការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំក្នុងរាជធានីភ្នំពេញ បាន​ខ្សិបប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ពេលវេលា​នៃការធ្វើមាតុភូមិនវត្តន៍ និង​ការផ្លាស់ប្ដូរ​កងទ័ពមួយខៀវកម្ពុជា ត្រូវបាន​អង្គការសហប្រជាជាតិកំណត់ យ៉ាង​ជាក់លាក់​​​រួចស្រេចហើយ និងមិនអាចប្ដូរតាមចិត្តលោក ហ៊ុន សែន ចង់នោះឡើយ។

តែលោក ហ៊ុន សែន បានប្រកាសក្នុងសាររបស់លោក ផ្ទុយទៅវិញថា៖

«ការរៀបចំពេលវេលា របស់អង្គការសហប្រជាជាតិ បានផ្តល់ឱ្យយើងរៀបចំការធ្វើ​ចត្តាឡីស័ក បានងាយស្រួល​ដើម្បីទប់ស្កាត់ ការនាំចូលកូវីដ១៩ មកក្នុងប្រទេសនោះគឺ៖ (១) មកពីប្រទេសម៉ាលី ខែកញ្ញា២០២០ (២) ស៊ូដង់ខាងត្បូង ខែតុលា២០២០ (៣) អាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០ (៤) លីបង់ ខែមករា២០២១។»

បច្ចុប្បន្ននេះ កងទ័ពមួកខៀវកម្ពុជាចំនួន៧៨៧នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨គឺ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល។

កាលពីពេលថ្មីៗនេះ កងទ័ពមួកខៀវកម្ពុជាមួយរូប ដែលកំពុងបំពេញ​បេសកកម្ម នៅក្នុង​ប្រទេសម៉ាលី (ទ្វីបអាហ្វ្រិកខាងលិច)​ ​បាន​ទទួលមរណភាព ដោយសារតែជំងឺ​កូវីដ១៩ និង​មួយចំនួន​ទៀត បានឆ្លងជំងឺរាតត្បាតនេះ ទាំងនៅ​ក្រៅ​ប្រទេស និងនៅ​ពេលត្រឡប់​មកដល់​កម្ពុជា។

យ៉ាងណា លោក ហ៊ុន សែន បានអះអាងបន្តថា កម្ពុជានៅតែបន្តកាតព្វកិច្ច ជាមួយ​អង្គការ​សហប្រជាជាតិ បើទោះជាលោក បានសារភាពថា កម្ពុជាជាប្រទេស«ក្រីក្រ» និងមានបញ្ហាប្រឈមនោះក្ដី។ លោកថា៖

«បើទោះបីកម្ពុជា ជាប្រទេសក្រីក្រ និងកំពុងប្រឈម ជាមួយកូវីដ១៩ បន្ថែម​ដោយ​ប្រទេស ដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅ កំពុងមានការវាយលុក ដោយ​កូវីដ១៩​ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ច​ក្នុង​ការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានា ក្រោមឆត្ររបស់​អង្គការ​សហប្រជាជាតិ​នោះឡើយ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។