នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការគាំទ្រជាថ្មីទៀត ចំពោះនយោបាយ នៃមហាយក្សកុម្មនីស្ដិ៍ចិន ដែលបានចាត់ទុកទំនាក់ទំនង «កម្ពុជា-ចិន» ថាជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា«មិត្តដែកថែប» ដែលស្ថិតស្ថេររឹងមាំ ជាដរាប។
នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងជំនួបមួយ ជាមួយលោក «Qin Yizhi» អនុរដ្ឋមន្ត្រីចិន ទទួលបន្ទុករដ្ឋបាល និងបទបញ្ជតិទីផ្សារ កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅចំពោះមន្ត្រីថ្នាក់ទាបមួយរូប នៃរដ្ឋាភិបាលចិនប្រជាមានិត លោក ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិន ដែលបានជួយកម្ពុជា ឲ្យរីកចម្រើនមកដល់សព្វថ្ងៃ និងបានលើកទឹកចិត្ត ដល់វិនិយោគគិនចិន ឲ្យបន្តការវិនិយោគ ជាមួយនឹងជំនឿទុកចិត្តខ្ពស់ មកលើការដឹកនាំរបស់លោក។
លោក ហ៊ុន សែន បានថ្លែងទៀតថា លោកគាំទ្រនូវការចង្អុលបង្ហាញ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi JinPing) ដែលបានចាត់ទុកទំនាក់ទំនង រវាងគ្នានៃកម្ពុជា-ចិន ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលស្ថិតស្ថេររឹងមាំជាដរាប។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងប៉ុន្មានថ្ងៃ មុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ខាងមុខ។ នៅក្នុងដំណើរ ទៅកាន់ប្រទេសចិននេះ លោក ហ៊ុន សែន បានអះអាងថា លោកនឹងគ្រោង ជួបលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី ឃឺជាំង នៃប្រទេសចិននោះផង។
សម្រាប់អនុរដ្ឋមន្ត្រីចិនវិញ បានលើកឡើងចំពោះលោក ហ៊ុន សែន អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលលោកអះអាងថា មានតាំងពីជាង២០០០ឆ្នាំមុន។ លោក «Qin Yizhi» ថា ក្នុងពេលបច្ចុប្បន្នេះ កម្ពុជា-ចិន កំពុងតែសប្បាយរីករាយ និងទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ អំពីទំនាក់នងដូចជាបងប្អូន ដែលកំពុងរីកចម្រើន ដុះដាលពីមួយឆ្នាំ ទៅមួយឆ្នាំ៕