កម្ពុជា

ហ៊ុន ម៉ានី រងប្រតិកម្មជុំវិញសំដីថា «CPP»កើតចេញ​ពីប្រជាជន

លោកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានរងការរិះគន់​ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញការ​​លើកឡើង​របស់លោក​ដែលថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឪពុករបស់លោកសព្វថ្ងៃ កើតចេញ​ពីប្រជាជន ។ ក្រុមអ្នករិះគន់ បានអះអាង​ដោយមាន​ឯកសារ​ប្រវត្តិសាស្ត្រ មកបញ្ជាក់ផងថា គណបក្សប្រជាជនកម្ពុជា កើតចេញពី​គណបក្សកុម្មុយនីស្ដិ៍វៀតណាម ដែលជាគំនិត​និងស្នាដៃ​របស់លោក ហូ ជីមិញ។

កាលពីថ្ងៃអង្គារ (ទី២៦ ខែមករា ឆ្នាំ២០២១) លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់នាយករដ្ឋមន្ត្រី បានសរសេរ​នៅលើ​ទំព័រហ្វេសប៊ុករបស់​លោកថា គណបក្សប្រជាជនកម្ពុជា «កើតចេញ​ពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន»។ អ្នកតំណាងរាស្ត្រ​វ័យក្មេង មណ្ឌលខេត្តកំពង់ស្ពឺ ដែលចេញពីការបោះឆ្នោត ឆ្នាំ២០១៨ បានសរសេរបន្តថា៖

«ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មកលើគណបក្សយើង។»

លោក ហ៊ុន ម៉ានី បន្តថា៖

«ការជឿជាក់ និងការបន្តគាំទ្រនេះ ស្តែងចេញពីអ្វី ដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះ គឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងក្តីសង្ឃឹមរបស់ពួកគាត់ ទៅថ្ងៃអនាគត ជាមួយគណបក្សយើង។»

បើទោះជាសំណេររបស់កូនប្រុសនាយករដ្ឋមន្ត្រី ត្រូវបានប្រិយមិត្តច្រើននាក់ ចូលចិត្ត និងចែករំលែកបន្តក្ដី តែប្រិយមិត្តផ្សេងទៀត បានលើកឡើងផ្ទុយទៅវិញ ថាគណបក្សប្រជាជនកម្ពុជា មិនមែនជាតម្រូវការ របស់ប្រជាជនកម្ពុជានោះឡើយ។ ពីក្នុងចំណោម​ប្រិយមិត្ត ដែលបញ្ចេញប្រតិកម្មទាំងនោះ ក៏មានលោក ហ៊ីង សុខសាន ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប របស់គណបក្ស​សង្គ្រោះជាតិ​ម្នាក់ផង។

លោក ហ៊ីង សុខសាន ដែលជិតដិតជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ានី គឺមានបំណងបំភាន់ ដើម្បីឲ្យស្រដៀងនឹងពាក្យសំដីដ៏ល្បីរបស់លោក អាប្រាហាម លីងខោន (Abraham Lincoln) អតីតប្រធានាធិបតីអាមេរិក ដែលថា«By the people, Of the people, For the people..!»។

លោកសរសេរនៅលើបណ្ដាញសង្គម តបទៅលោក ហ៊ុន ម៉ានី វិញថា៖

«ការមិនដឹងប្រវត្តិសាស្ត្រពិត វាមិនបញ្ហានោះទេ។ ការបំភាន់អ្នកដទៃ ឲ្យមានការយល់ច្រឡំប្រវត្តិសាស្ត្រ ទើបជាបញ្ហា។ ខ្ញុំ​សូមចែក​រំលែកសៀវភៅ “អ្នកឃោសនា”​ ដែលបោះពុម្ភឆ្នាំ១៩៨៣ ដោយគណបក្សរបស់លោកផ្ទាល់។ CPP​ បង្កើតដោយខ្មោច​ ហូ ជីមិញ ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ១៩៥១។ ហើយ​ CPP​ ក៏ប្រារព្ធខួបរាល់ឆ្នាំផងដែរ នៅថ្ងៃទី២៨ មិថុនា៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។