លោក វីល្លៀម គ័ង (William Guang) ដែលជាឈ្មោះពិសេស ហៅក្រៅពីឈ្មោះដើម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានបណ្ដេញចេញពីតំណែង ជាសមាជិកឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ និងពីឋានៈដែលសមាជិក នៃស្ថាប័ននេះ ទទួលបានស្មើរ«ទេសរដ្ឋមន្ត្រី»។
នេះ បើតាមព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ ដែលធ្វើឡើង តាមសេចក្ដី«ក្រាបបង្គំទូលថ្វាយ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជក្រឹត្យដែលត្រាស់បង្គាប់ ឲ្យលោក ហ៊ុន សែន ដដែលត្រូវអនុវត្តន៍ ចាប់ពីថ្ងៃចុះហត្ថលេខា បានសរសេរឲ្យដឹងថា៖
«បញ្ចប់មុខតំណែង ឯកឧត្ដម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ មានឋានៈស្មើរទេសរដ្ឋមន្ត្រី។»
គេមិនដឹងថា តើលោក វីល្លៀម គ័ង បានប្រព្រឹត្តិកំហុសអ្វី ឲ្យច្បាស់នោះទេ។ តែនៅក្នុងសកម្មភាពចុងក្រោយ ដែលគួរឲ្យកត់សម្គាល់របស់លោក មានដូចជា ការចុះមើលបញ្ហា នៅព្រំដែន ជាមួយប្រទេសវៀតណាម បញ្ហាដីធ្លីរបស់ពលរដ្ឋ បញ្ហាដំណាំកសិកម្មពិបាករកទីផ្សារ និងជម្លោះជាមួយមន្ត្រីបរិស្ថាន ក្នុងខេត្តព្រះសីហនុជាដើម។
នៅលើបណ្ដាញសង្គម លោកប្រធានគណបក្សខ្មែរក្រោក បានសរសេរដោយប្រយោល ប្រតិកម្មនឹងការបញ្ឈប់តំណែងឋានៈ របស់លោកដូច្នេះថា៖
«ក្នុងនាម ជាអ្នកបម្រេីប្រជាពលរដ្ឋ ការពារប្រយោជន៍ពលរដ្ឋ ខ្ញុំបានខិតខំអស់លទ្ធភាពហេីយ។ តែមិនថា នៅទីណា ឬកន្លែងណា ខ្ញុំនៅតែជាអ្នកបម្រេី ដ៏ស្មោះត្រង់របស់ពលរដ្ឋគ្រប់គ្នា។»
ស្ថាប័នឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ ត្រូវបានលោក ហ៊ុន សែន ប្រកាសបង្កើតឡើង យ៉ាងតក់ក្រហល់ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ពោលគឺនៅប៉ុន្មានថ្ងៃ ក្រោយការចេញផ្សាយ នូវលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលបានផ្ដល់ជ័យជំនះ និងកៅអីរដ្ឋសភា ១០០ភាគរយ ទៅឲ្យគណបក្សប្រជាជនកម្ពុជា។
ការប្រកាសបង្កើតស្ថាប័នមួយនេះ ធ្វើឡើងនៅខណៈការបោះឆ្នោតជាតិនោះ ទទួលរងការរិះគន់ថា គ្រាន់តែជាការបោះឆ្នោតបង្គ្រប់កិច្ច ឬជាការបោះឆ្នោតក្លែងក្លាយ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន នៅបន្តកាន់អំណាចនៅកម្ពុជា ដោយគ្មានសម្លេង របស់គណបក្សប្រឆាំងប៉ុណ្ណោះ៕