កម្ពុជា

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​«ដាក់​ក្នុង​បញ្ជីខ្មៅ»​​ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​

មន្ត្រីជំនិតបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទី ជាមេបញ្ជាការកងអង្គរក្ស ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់​ក្នុង​បញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ។ លោក ហ៊ីង ប៊ុនហៀង បានក្លាយជា​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ដំបូងគេ ដែលរងទណ្ឌកម្ម​ដោយផ្ទាល់នេះ ពីប្រទេស​មហាអំណាច។ នេះ បើតាមសេចក្ដី​ប្រកាសមួយ របស់នាយកដ្ឋាន​រតនាគារជាតិ​អាមេរិក ចេញផ្សាយ​នៅថ្ងៃទី១២ ខែមិថុនានេះ។

ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​រតនាគារ​ជាតិ​អាមេរិក បានចេញសេចក្ដីប្រកាស ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ដាក់បញ្ចូលមនុស្សពីរនាក់ ទៅ​ក្នុង​​បញ្ជី​ខ្មៅ​នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ គ្លូប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ឬពន្យល់​ដោយខ្លី ថាជាច្បាប់​សម្រាប់បង្កកទ្រព្យសម្បត្តិ និងមិនផ្ដល់ទិដ្ឋការ ដែលមានជាធរមាន​​ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងទាំងនៅក្នុង​បណ្ដាប្រទេស ឬសហគ្រាស ដែលជាដៃគូរបស់សហរដ្ឋ​អាមេរិក។

ពីក្នុងចំណោមមនុស្សទាំងពីរនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​ នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​។ 

សហរដ្ឋអាមេរិក បានរកឃើញថា លោក ហ៊ីង ប៊ុន​ហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​ នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​ពីររូប មកពីគណបក្ស​ប្រឆាំង នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។

អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃនាយកដ្ឋានរតនាគារជាតិអាមេរិក ត្រូវបានស្រង់សំដី មកចុះផ្សាយ នៅក្នុងសេចក្ដីប្រកាស​នោះថា៖

«សកម្មភាព (ដាក់បុគ្គលទាំងនេះ ចូលក្នុងបញ្ជីខ្មៅ ក្រោមច្បាប់ខាងលើ) នេះ គឺផ្នែកមួយ នៃយុទ្ធនាការជាបន្តបន្ទាប់​របស់យើង ដើម្បីកំណត់​ឲ្យទទួលខុសត្រូវ ទៅលើមន្ត្រីរដ្ឋាភិបាល និងបុគ្គលសំខាន់ៗ ទាំងឡាយណា នៅចំពោះទង្វើរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្​តិអំពើពុករលួយ របស់ពួកគេ»។

អ្នកស្រីបញ្ជាក់ទៀតថា ក្រៅពីទង្វើរំលោភសិទ្ធមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់នោះ លោក ហ៊ីង ប៊ុនហៀង គឺជាអ្នកនៅពីក្រោយការវាយប្រហារ​ដោយផ្ទាល់ ទៅលើមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋអាមេរិកម្នាក់។

សេចក្ដីប្រកាសបានពន្យល់ថា លោក ប៊ុនហៀង និងកងអង្គរក្ស​របស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការ​បង្រ្កាប​​លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​ លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ពលរដ្ឋ​​អាមេរិក ​​មួយ​រូប​​ផង។

» អត្ថបទទាក់ទង៖ សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

លោក ហ៊ីង ប៊ុនហៀង ក្លាយជាមន្ត្រីរដ្ឋាភិបាលកម្ពុជាដំបូងគេ ដែលរងការចាត់វិធានការក្ដៅ ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ច្បាប់ «GLOBAL MAGNITSKY» ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១២ (រដ្ឋបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា) នឹងអនុញ្ញាតឲ្យ​រតនាគារ​ជាតិអាមេរិក ចាត់​​វិធានការ​ទាំង​ឡាយ ដើម្បី​​បង្កក​ទ្រព្យ​សម្បត្តិ មិនផ្ដល់ទិដ្ឋការ ឬ​ផល​ប្រយោជន៍​​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​​លោក ហ៊ីង ប៊ុន​ហៀង។

ច្បាប់ដដែលនេះ ក៏​នឹង​​ហាម​ឃាត់​​​ជនជាតិ​​​អាមេរិក​​​ឯ​ទៀតៗ មិន​​ឲ្យ​​រកស៊ី ឬ​ទាក់ទង​​ជាមួយ​លោក ហ៊ីង​ ប៊ុនហៀង ​នោះឡើយ។

ក្រៅពីអន្តរជាតូបនីយកម្ម នៃច្បាប់ខាងលើ នៅរយៈពេលក្រោយៗ​មកទៀតនោះ នៅមានប្រទេសជាច្រើនទៀត ដែលសុទ្ធសឹងជាដៃគូ របស់​សហរដ្ឋ​អាមេរិក​ ក៏បានបង្កើត និងអនុម័តច្បាប់ស្រដៀងគ្នានេះ នៅក្នុងប្រទេសខ្លួនផងដែរ។ ប្រទេសទាំងនោះ មានដូចជា អេស្តូនី ចក្រភពអង់គ្លេស កាណាដា លីទូអានី និង លេតូនី ជាដើម៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។