កម្ពុជា

ចូល​ទៅដេក​ក្នុង​គម្រប​កង់​យន្ដហោះ ធ្លាក់ស្លាប់​​ពេល​យន្ដហោះ​ងើប​ខ្លួន​​ពីដី

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ម្សិលម៉ិញ បន្ទាប់ពីបុរសម្នាក់ ត្រូវបានរកឃើញធ្លាក់ ចេញយន្ដហោះ និងស្លាប់ភ្លាមៗ នៅខណៈ យន្ដហោះ បានហោះចេញ ពីព្រលានយន្ដហោះខេត្តសៀមរាប។ ការតាមដានរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព បានឲ្យដឹងថា បុរសរូបនេះបានឡើងទៅដេក នៅក្នុងគម្របកង់យន្ដហោះ។

ស្នង​ការ​រង​នគរបាល​ខេត្ត​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​​ព្រហ្ម​ទណ្ឌ លោក ​ភឹង ​ចិន្តាវេទ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បុរសមិនស្គាល់អត្តសញ្ញាណខាងលើ ដែលអាជ្ញាធររកឃើញថា មានសតិមិនគ្រប់ បានហែករបងព្រលានយន្ដហោះ នៅម៉ោង​៥និង៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបានដើរកាត់ តាមយន្ដហោះ ប្រភេទ «Sky» ប្រភេទ «JC» មុននឹងដើរទៅដល់យន្ដហោះ ប្រភេទ «LanMei»។

នៅវេលាម៉ោង ១០ និង២០នាទី យន្ដហោះប្រភេទ «LanMei» បានហោះចេញពីព្រលាន និងបានងើបខ្លួនពីដី នៅកំពស់ប្រហែលជា៣០ម៉ែត្រ ស្រាប់តែបុរសខាងលើ ត្រូវបានមើលឃើញធ្លាក់ ចេញពីម្ដុំកង់យន្ដហោះ និងបានស្លាប់ភ្លាមៗ។ នេះបើតាមសាក្សី ដែលបានឃើញហេតុការណ៍នេះ ពីចំងាយប្រមាណជា ២០០ម៉ែត្រ និងដែលស្រង់សំដី ដោយក្រុមអាជ្ញាធរ។

អាជ្ញាធរខេត្តបានបញ្ជាក់ទៀតថា សាកសព​ជន​រង​គ្រោះ​ ដែលមានសភាពបាក់ដៃជើង និងរយះភ្លៅ ត្រូវ​បាន​គេ​ដឹក​ចេញ​ភ្លាម​ៗ ​យក​ទៅ​តម្កល់​ទុក​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និងរង់ចាំស្វែងរកញាតិសន្ដាន​។ ​រីឯយន្ត​ហោះខាងលើ ​មិន​បានត្រឡប់​មកចុះ​ចត​វិញ​ឡើយ​ តែបានបន្ត​ហោះ​ហើរ រហូតដល់គោលដៅ។​

ហេតុការណ៍ខាងលើ បានបង្កឲ្យមានមន្ទិល ទាក់ទងនឹងសុវត្ថិភាព នៃព្រលានយន្ដហោះកម្ពុជា បើគ្រាន់តែមនុស្ស ដែលមានសតិមិនគ្រប់ម្នាក់ ក៏អាចហែករបង ចូលទៅដើរកំសាន្ដ ចេញពីយន្ដហោះមួយ ទៅកាន់យន្ដហោះមួយយ៉ាងនេះ។

ឆ្លើយតប នឹងសំនួរអ្នកសារព័ត៌មាន ដែលចង់ដឹងថា តើ​ខាង​ព្រលាន​យន្តហោះ​ មាន​​ការ​ត្រួត​ពិនិត្យយន្ដហោះ​ជាមុន​ នៅមុន​ធ្វើ​ការ​ហោះ​ហើរ​ដែរឬទេ លោកស្នងការរង ភឹង ចិន្តាវេទ បានអះអាងថា មានការ​ត្រួត​ពិនិត្យ ​ប៉ុន្តែ​រក​មិន​ឃើញថា មាន​មនុស្សទេ ​ព្រោះ​ជន​រងគ្រោះ​ទំនង​ដេក ​ក្នុង​គម្រប​កង់​យន្តហោះ៕ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Crash Avion