កម្ពុជា

តុលាការបារាំង​សម្រេចឲ្យ សម រង្ស៊ី ឈ្នះក្ដី​លើ ហ៊ុន សែន និង ឌី វិជ្ជា

មេដឹកនាំប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី ត្រូវបានតុលាការបារាំង សម្រេចក្ដីក្នុងថ្ងៃចន្ទនេះ ឲ្យរួចផុត​ពីការចោទប្រកាន់​ទាំងឡាយ ដែលមាននៅក្នុងបណ្ដឹង​របស់​លោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា និងលោក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ​​ និងជាកូនប្រសារលោក​​​ ហ៊ុន សែន។

លោក រង្ស៊ី ដែលកំពុងរស់នៅនិរទ្ទេសខ្លួន ក្នុងប្រទេសបារាំង បានរងបណ្ដឹងចំនួនពីរ នៅក្នុងតុលាការនៃរដ្ឋធានី ប៉ារីស ដែលចោទពី«បទបរិហារកេរ្ដិ៍» ប្ដឹងដោយក្រុមមេធាវីជាតិបារាំង តំណាងឲ្យលោក ហ៊ុន សែន និងលោក ឌី វិជ្ជា ទាក់ទងនឹងសំណេរ របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីខែមិថុនា ឆ្នាំ២០១៩។

ប៉ុន្តែនៅក្នុងសវនាការ ដែលបានបើកធ្វើ នៅដើមខែកញ្ញា តុលាការបារាំងបានលើកយកបណ្ដឹងទាំងពីរ មកធ្វើការដេញដោល នៅក្នុងអង្គជំនុំជម្រះតែមួយ។

នៅក្នុងបណ្ដឹងទាំងពីរនោះ ក្រុមមេធាវីរបស់មេដឹកនាំនៅកម្ពុជា បានទាមទារឲ្យមានការផ្ដន្ទាទោស ប្រឆាំងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្ត ជានិមិត្តរូបចំនួន១អ៊ឺរ៉ូ។ ខណៈសាលក្រម ដែលចេញផ្សាយថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានចូលទៅពិគ្រោះ បានបដិសេធការទាមទារ នៅក្នុងបណ្ដឹងទាំងពីរនោះ។

ក្រុមមេធាវីតំណាងឲ្យមេដឹកនាំប្រឆាំង បានហៅសាលក្រម ​របស់តុលាការព្រហ្មទណ្ឌ​ជាន់ទាបបារាំង ថាជាជោគជ័យ ប្រកបដោយ«ក្ដីរំភើបក្រៃលែង»។ សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវី ការពារក្ដីឲ្យលោក សម រង្ស៊ី បានសរសេរឲ្យដឹងថា៖

«សម្រាប់អតិថិជន (កូនក្ដី) របស់យើង សេចក្តីសម្រេចថ្ងៃនេះ​របស់តុលាការ មិនមែនគ្រាន់តែជាជ័យជំនះ​ផ្ទាល់ខ្លួនមួយទេ តែជាការនាំមកផងដែរ នូវសេចក្តីសង្ឃឹម ដល់អ្នកការពារសេរីភាព និងយុត្តិធម៌ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត។»

ផ្ទុយទៅវិញ សម្រាប់ក្រុមមេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន និងលោក ឌី វិជ្ជា បានលើកយកវាក្យខ័ណ្ឌ ចំនួនប្រាំមួយ នៅក្នុងសាលក្រមនោះ ដែលបង្ហាញពី «ការទទួលដឹងឮ» របស់តុលាការ មកបកស្រាយថា តុលាការបារាំងបានលាងសម្អាតលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថាពិតជាមិនស្ថិតនៅ ពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី នោះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។