កម្ពុជា

អតីត​ចៅសង្កាត់ CNRP ហៅ​ដីកា​កោះហៅ​ខ្លួន ថា​ជា​ការគម្រាម​កំហែង

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត អតីត​ចៅសង្កាត់ អូចារ (ខេត្តបាត់ដំបង) មកពីគណបក្សសង្គ្រោះជាតិ បានបរិហារដីកាកោះ របស់សាលាដំបូងខេត្ត ដែលហៅឲ្យកញ្ញា ទៅបង្ហាញខ្លួន ក្នុងសប្ដាហ៍ខាងមុខ ពីបទសង្ស័យថា បំពានលើសាលដីកាតុលាការកំពូល ថាជាការគម្រាមកំហែងមួយ ទៅលើសិទ្ធិបញ្ចេញមតិរបស់កញ្ញា ដែលគ្រាន់តែធ្វើឡើង ក្នុងនាមពលរដ្ឋ។

អតីតចៅសង្កាត់រូបនេះ ដែលទទួលបានការជ្រើសតាំង ចេញពីសន្លឹកឆ្នោតពលរដ្ឋ រួមនឹងអតីតចៅសង្កាត់ពីររូប និងមន្ត្រីមួយរូប របស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត លោក គី ប៉ុណ្ណារ៉ា ចេញដីកាចុះថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៩ បង្គាប់ឲ្យបង្ហាញខ្លួននៅតុលាការ នៅព្រឹកថ្ងៃទី៩ ខែឧសភាខាងមុខ។

ដីកាទាំងនោះ មានសរសេរបញ្ជាក់ថា ការកោះហៅនេះ ដើម្បីសាកសួរពីដំណើររឿង «ប្រឆាំងនឹងសាលដីកាតុលាការកំពូល ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧»។

ស្ត្រីអតីតចៅសង្កាត់​អះអាងថា នឹងចូលទៅបង្ហាញខ្លួន តាមដីកានោះ តែបានថ្លែងឡើងខ្លាំងៗថា៖

«ខ្ញុំមិនមានឥទ្ធិពលអ្វីម្នាក់ឯង ទៅប្រឆាំងសាលដីកា រំលាយគណបក្សសង្គ្រោះជាតិនោះទេ។ ផ្ទុយទៅវិញ ការចេញដីកាបែបនេះ រឹតតែធ្វើពលរដ្ឋដទៃ មានភាពក្ដៅក្រហាយ និងមានភាពឈឺចាប់ គ្រាន់តែគ្នាជាអតីតចៅសង្កាត់ មិនថាខ្ញុំឬអ្នកដទៃទៀត រំលាយបក្សគេហើយ គេជួបជុំគ្នាមិនបាន រំលាយបក្សគេហើយ គេនិយាយរិះគន់ ក្នុងន័យស្ថាបនាមិនបាន។»

គេមិនដឹងថា តើការសង្ស័យរបស់តុលាការ ជុំវិញការ«ប្រឆាំង នឹងសាលដីកាតុលាការកំពូល»នោះ ត្រូវបានធ្វើឡើង ដោយឈរលើភស្ដុតាង ឬមានមូលដ្ឋានបែបណាឡើយ។ មន្ត្រីតុលាការខេត្តបាត់ដំបង មិនអាចសុំការទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ និងចំងល់ទាំងអស់នេះបាននៅឡើយ។

នៅលើបណ្ដាញសង្គម គេតែងឃើញកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត បង្ហោះពីការលក់ដូរផ្ទាល់ខ្លួន រួមនឹងសារបញ្ចេញមតិជាញយដង ទាក់ទងនឹងគណបក្សសង្គ្រោះជាតិ និងជាពិសេសសារគាំទ្រ ដល់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស ដែលប្រកាសពីគម្រោងវិលចូលប្រទេសវិញ ក្នុងពេលខាងមុខ។

យ៉ាងណា អតីត​ចៅសង្កាត់ បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកខ្លួន ពីសកម្មភាពមួយចំនួន ដែលថាមិនបានប្រឆាំងសាលដីកានោះ ដូច្នេះថា៖

  • ខ្ញុំដែលជាចៅសង្កាត់ជាប់ឆ្នោត ពីប្រជាពលរដ្ឋ បានសុខចិត្តប្រគល់ត្រា ជូនទៅរដ្ឋបាលក្រុងវិញ។
  • ខ្ញុំបានមកប្រកបរបរលក់នំបញ្ចុក រហូតដល់គេចោទហាងខ្ញុំថា ជាកន្លែងឧទ្ទាមទៅទៀត ធ្វើឲ្យលក់លែងដាច់មួយសា។
  • ខ្ញុំមកប្រកបរបរលក់អនឡាញ (Online)។
  • ខ្ញុំបានជួបជុំធម្មតា ជាមួយអតីតមិត្តរួមការងារ ក្នុងលក្ខណៈនឹករលឹក។
  • ខ្ញុំដែលជាពលរដ្ឋធម្មតា មានសិទ្ធិបញ្ចេញមតិ ពីនយោបាយដូចបានចែង នៅក្នុងរដ្ឋធម្មនុញ្ញ។
  • ខ្ញុំមិនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ តែក៏មិនធ្វើនយោបាយអីដែរ ព្រោះគណបក្សមិនទាន់មកវិញ ដូចដែលធ្លាប់ប្រកាស។
  • ខ្ញុំមិនដែលជួបជុំពលរដ្ឋ ថ្លែងសារនយោបាយម្តងណាឡើយ ចាប់តាំងពីគណបក្សត្រូវរំលាយ។
  • ខ្ញុំមិនដែលនាំពលរដ្ឋ ឲ្យធ្វើបាតុកម្មម្តងណាឡើយ។
  • ទោះជាក្នុងចិត្ត មិនពេញចិត្តសាលដីកាតុលាការ តែក៏គ្មានសមត្ថភាព ទៅប្រឆាំងដែរ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល ដែលមានសមាសភាពចៅក្រមភាគច្រើន ជាមនុស្សជំនិតរបស់គណបក្សកាន់អំណាច បានប្រកាសសាលដីកាដ៏ចម្រូង​សម្រាស រំលាយគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយកម្ពុជា។ សាលក្រមនោះ ថែមទាំងបានហាមមន្ត្រីគណបក្សនេះ ចំនួន១១៨រូប មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំនោះទៀត៕

1ឆ្នាំ 5ខែ 14ថ្ងៃ តាំងពីសាលដីកាតុលាការកំពូលចុះថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 រំលាយគណបក្សសង្គ្រោះជាតិ…

Publiée par Sin Rozeth sur Mardi 30 avril 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។