កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីខ្មៅ»​របស់ EU អំពី​ការលាងលុយ​កខ្វក់

កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន២២ ដែលជាប់ក្នុង«បញ្ជីខ្មៅ» របស់​សហភាព​អ៊ឺរ៉ុប (EU) ជុំវិញបរាជ័យ របស់ប្រទេសទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម។

នេះ បើតាមឯកសារផ្លូវការមួយ របស់សហភាពអ៊ឺរ៉ុប ដែលនឹងត្រូវផ្សាយ ជាសាធារណៈ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែឧសភាស្អែក ហើយត្រូវបានទីភ្នាក់ងាររ៉យទ័រ (Reuters) ទទួលបាន និងយកមកផ្សាយ មួយថ្ងៃមុន។

បើតាមទីភ្នាក់ងារព័ត៌មានដដែល បានរៀបរាប់ថា សហភាពអ៊ឺរ៉ុប បានបង្កើនចំនួន​ប្រទេស ពី១៦ប្រទេស នាពេលមុន មកដល់២២ប្រទេស នាពេលនេះ នៅក្នុងបញ្ជីខ្មៅ​របស់សហភាព ដោយចាត់ទុកបណ្ដារដ្ឋ ដែលជាប់នៅក្នុងបញ្ជី ថាជាប្រទេស ដែលមាន​ហានិភ័យខ្ពស់ ក្នុង​ការលាងលុយកខ្វក់ និង​​ហិរញ្ញប្បទាន​សម្រាប់បណ្ដាញ​ភេរវកម្ម ហើយ​បង្ក​ការគំរាមកំហែង​​ធ្ងន់ធ្ងរ ដល់ប្រព័ន្ធ​ហិរញ្ញវត្ថុ​អ៊ឺរ៉ុប។

ក្រុមប្រទេស ដែល«EU»ដាក់បញ្ចូលបន្ថែម រួមមាន៖ ប៉ាណាម៉ា, បាហាម៉ាស, កោះម៉ូរីស, បាបារ៉ាស, កម្ពុជា, ហ្កាណា, ហ្សាម៉ាកា, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នីការ៉ាហ្គា និងហ្សីមបាវេ។

រីឯប្រទេស ដែលជាប់នៅក្នុង​«បញ្ជីខ្មៅ»​រួចហើយ រួមមាន អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់, វ៉ានូអាទូ, ប៉ាគីស្ថាន, ស៊ីរី, យេម៉ែន, អ៊ូហ្គង់ដា, ទ្រីនីដាដ​និងតូបាបា, អ៊ីរ៉ង់ និងកូរ៉េខាងជើង។ ប្រទេសមួយចំនួន ដែលជាប់ក្នុងបញ្ជីលើកមុន ដូចយ៉ាង អារ៉ាប៊ី សាអ៊ូឌីត ជាដើម បានរួចខ្លួន ចេញពីចំណាត់ថ្នាក់ ដ៏អាក្រក់នេះហើយ។

«Reuters» បានស្រង់ការអះអាង ពីក្នុងឯកសារព្រាងនោះ មកចុះផ្សាយទៀតថា បណ្ដាធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ត្រូវមានកាតព្វកិច្ច ក្នុងការពិនិត្យពិចារណា ឱ្យកាន់តែដិតដល់ថែមទៀត ចំពោះអតិថិជន របស់ពួកគេណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ ជាមួយក្រុមប្រទេសទាំង២២។

បន្ថែមពីលើនេះ បណ្ដាក្រុមហ៊ុន សហគ្រាស ដែលស្ថិតក្នុង​ប្រទេសទាំងនោះ ក៏ត្រូវបាន​ហាមឃាត់ដែរ ក្នុងការទទួលបានមូលនិធិថ្មីៗ ពីសហភាពអឺរ៉ុប។

បើតាមឯកសារដដែលនោះ សុពលភាពនៃការអនុវត្ត«បញ្ជីខ្មៅ» មិនត្រូវបានធ្វើ​ក្នុងពេល​ភ្លាមៗនេះទេ ដោយសារការរំខាន ដែលបណ្តាលមក ពីការឆ្លង​រាលដាល នៃជំងឺ​«Covid-19»។ តែសហភាពអ៊ឺរ៉ុប នឹងអនុវត្តបទបញ្ជានោះ ចាប់​ពីខែ​តុលា​ ឆ្នាំ២០២០ ខាងមុខ​តទៅ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។