«បញ្ជីខ្មៅ»ថ្មីនៃក្រុមប្រទេសទាំង២២ ដែលបរាជ័យក្នុងការប្រយុទ្ធ ទល់នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ត្រូវបានសហភាពអ៊ឺរ៉ុប «EU» ចេញផ្សាយជាផ្លូវការហើយ។
សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលនៃសហភាពអ៊ឺរ៉ុប) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះ បានធ្វើបច្ចុប្បន្នភាព ពីសមាសភាពប្រទេសទាំង២២ ដែលក្នុងនោះមានប្រទេសថ្មី ចំនួន១២ រាប់ទាំងប្រទេសកម្ពុជាផង។
ដូចអត្ថបទមុន ដែលទស្សនាវដ្ដីចេញផ្សាយ កាលពីម្សិលម៉ិញ «បញ្ជីខ្មៅ»របស់«EU» បានដាក់បញ្ចូលប្រទេស ចំនួន១២ថ្មី ទៅក្នុងបញ្ជីចាស់ ដែលបន្ថយមកត្រឹម តែ១០ប្រទេស។
ក្រុមប្រទេសទាំង១២នោះ រួមមាន៖ ប៉ាណាម៉ា, បាហាម៉ាស, កោះម៉ូរីស, បាបារ៉ាស, កម្ពុជា, ហ្កាណា, ហ្សាម៉ាកា, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នីការ៉ាហ្គា និងហ្សីមបាវេ។
រីឯប្រទេសទាំង១០ ដែលនៅតែជាប់ នៅក្នុងបញ្ជីថ្មីដដែល រួមមាន អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់, វ៉ានូអាទូ, ប៉ាគីស្ថាន, ស៊ីរី, យេម៉ែន, អ៊ូហ្គង់ដា, ទ្រីនីដាដនិងតូបាបា, អ៊ីរ៉ង់ និងកូរ៉េខាងជើង។
ដោយឡែក ប្រទេសចំនួន៦ ដែលជាប់ក្នុងបញ្ជីចាស់ តែត្រូវបានសហភាពអ៊ឺរ៉ុបដកចេញ សម្រាប់បញ្ជីថ្មី រួមមាន៖ បូស្នៀ, ហ្គីយ៉ាណា, ឡាវ, អេត្យូពី, ស្រីលង្កា និងទុយនីស៊ី។
សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើងពីវិធានការ ៦ចំណុច ជាពិសេសពីគម្រោងថ្មីមួយ របស់សហភាពអ៊ឺរ៉ុប។ នោះ គឺការបង្កើត«អាជ្ញាធររួម»ថ្មីមួយ ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការឃ្លាំមើល និងដោះស្រាយការលាងលុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់បណ្ដេញភេរវកម្ម ដែលជាប់ពាក់ព័ន្ធ នឹងប្រទេសទាំង២២។
លោក «Valdis Dombrovskis» អនុប្រធានគណៈកម្មការអ៊ឺរ៉ុប ទទួលបន្ទុករូបិយប័ណ្ណ «Euro» និងកិច្ចសន្ទនាសង្គម ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖
«យើងត្រូវបញ្ចប់ នូវប្រាក់កខ្វក់ ដែលជ្រៀតចូល ក្នុងប្រព័ន្ធហិរញ្ញវត្ថុ របស់យើង។ សព្វថ្ងៃនេះ យើងកំពុងពង្រឹងការការពារ របស់យើងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដោយមានផែនការសកម្មភាព ទូលំទូលាយ និងវែងឆ្ងាយ។»
លោកអនុប្រធានគណៈកម្មការអ៊ឺរ៉ុប បានបន្តទៀតថា៖
«យើងប្តេជ្ញាផ្តល់ នូវសកម្មភាពទាំងអស់នេះ – យ៉ាងឆាប់រហ័ស និងជាប់លាប់ ក្នុងរយៈពេល ១២ ខែបន្ទាប់។ យើងកំពុងពង្រឹងតួនាទី របស់សហភាពអ៊ឺរ៉ុប នៅក្នុងកម្រិតពិភពលោក ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើង នូវស្តង់ដារអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម។»
រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បញ្ចេញប្រតិកម្ម ជាផ្លូវការនៅឡើយ មកទល់នឹងម៉ោងនេះ។
វិធានការទាំង៦ចំណុច និងគម្រោងបង្កើត «អាជ្ញាធររួម» នឹងត្រូវសភាអ៊ឺរ៉ុបអនុម័ត មុននឹងបញ្ជូន ទៅបណ្ដាប្រទេសទាំង២៧ ជាសមាជិកសហភាពអ៊ឺរ៉ុប ហើយនឹងត្រូវមានសុពលភាព ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ៕