កម្ពុជា

ក្រសួង​ការពារជាតិ​ប្រតិកម្ម​តប ​សម រង្ស៊ី ថាកងទ័ព​ត្រៀម​កម្ទេច​«ជនក្បត់ជាតិ»

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ ប្រតិកម្មតបនឹងសារអំពាវនាវ របស់លោក សម រង្ស៊ី ដែលស្នើសុំទៅកងទ័ព កុំស្ដាប់បញ្ជាទាំងឡាយណា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្ដីថ្លែងការណ៍ បានអះអាង ថាកងទ័ពត្រៀមកម្ទេច«ជនក្បត់ជាតិ» ដោយគោរពតាមបញ្ជា និងអនុសាសន៍របស់លោក ហ៊ុន សែន។

សាររបស់មេដឹកនាំប្រឆាំង ត្រូវបានផ្សព្វផ្សាយ នៅយប់ថ្ងៃសុក្រម្សិលម៉ិញ ដោយប្រើពាក្យខ្លាំង ហៅលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ថាជា «ចោរប្លន់អំណាច ជនផ្ដាច់ការ ក្បត់ជាតិ នាយករដ្ឋមន្ត្រីខុសច្បាប់ ក្លែងក្លាយ… ដែលចេញពីការបោះឆ្នោតក្លែងក្លាយ»។

លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងសារនោះថា៖

«សូមកងកម្លាំងប្រដាប់អាវុធ កុំការពាររបបក្បត់ជាតិសព្វថ្ងៃ តែសូមបែរមកការពារប្រជារាស្ត្រវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។»

«រាល់បញ្ជាណា ដែលបង្ខំឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើបាតុកម្ម​ដោយសន្តិវិធី គឺជាបញ្ជាខុសច្បាប់ និងអមនុស្សធម៌ ដែលកងកម្លាំងប្រដាប់អាវុធ មិនត្រូវធ្វើតាមដាច់ខាត។»

ប៉ុន្តែសារអំពាវនាវខាងលើ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាត់ចោលនៅព្រឹកថ្ងៃសៅរ៍នេះ ដោយបាន«ថ្កោលទោស»​សកម្មភាពនេះ ថាជា«អំពើខុសច្បាប់» និងបានបញ្ជាក់ត្រឡប់ទៅវិញ ថាកុំឲ្យជនរួមជាតិ «ជឿតាមការអំពាវនាវ របស់ទណ្ឌិត សម រង្ស៊ី»។

សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យ បានសរសេរថា៖

«កងយោធពលខេមរភូមិន្ទ គោរព និងអនុវត្តម៉ឺងម៉ាត់ដាចខាត នូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា [ដែលបានថ្លែង] នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើត បដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រជាជន»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។