កម្ពុជា

Covid-19៖ ឯកអគ្គរដ្ឋទូត​អាមេរិក ចូលរួម​មរណទុក្ខ​ទាហាន​មួកខៀវ​ខ្មែរ

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានចូលរួមរំលែកទុក្ខ ចំពោះសពទាហានមួកខៀវកម្ពុជា ដែលបានទទួលមរណភាព ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី។

នៅលើបណ្ដាញសង្កមទ្វីសធើរ ឯកអគ្គរដ្ឋទូត​នៃប្រទេសមហាអំណាច ប្រចាំនៅកម្ពុជា រូបនេះ បានសរសេរ​ឲ្យដឹង​ថា៖

«យើង [សហរដ្ឋអាមេរិក] សូមចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ជាមួយ​ព្រះរាជា​ណាចក្រ​កម្ពុជា រួមនិងក្រុមគ្រួសារ និងមិត្តភក្តិ របស់សពលោក​ឧត្តមសេនីយ៍ទោ ស សាវី ដែល​បាន​ទទួលមរណភាព ក្នុងពេលបំពេញបេសកកម្ម នៅប្រទេសម៉ាលី។»

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោក​ឧត្ដមសេនីយទោ ស សាវី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៩ ខែឧសភា​​ម្សិលម៉ិញ។ លោក សាវី បានក្លាយជា ទាហានខ្មែរដំបូងគេ ដែលបានស្លាប់ ដោយសារជំងឺដ៏ប្រល័យ។

លោកឧត្ដមសេនីយ៍ទោ ស សាវី ជាទាហានម្នាក់ ពីក្នុងចំណោមទាហាន ជិត៨០០នាក់ (ស្ត្រីជិត៨០នាក់) ដែលកម្ពុជាបញ្ជូន ឲ្យទៅបំពេញបេសកកម្ម ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមាន ប្រទេសលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និង​សាធារណរដ្ឋ​​អាហ្វ្រិកកណ្តាល។

លោក ប៉ាទ្រីក ម័រហ្វី បានថ្លែង​ក្នុងនាម​សហរដ្ឋអាមេរិក បន្តថា៖

«សហរដ្ឋអាមេរិក​មានមោទនភាព ក្នុងការគាំទ្រ ដល់វិភាគទាន​ដ៏សំខាន់ របស់​ប្រទេស​កម្ពុជា ចំពោះ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព នៅក្នុងពិភពលោក៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។