ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរមួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្មសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។
នៅលើបណ្ដាញសង្គម មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖
«ខ្ញុំសូមសម្តែង នូវសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ស សាវី ជាទាហ៊ានមួកខៀវកម្ពុជា ដែលបានទៅបំពេញ បេសកកម្ម មនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានទទួលមរណភាព ដោយជម្ងឺកូវីដ-១៩ ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសម៉ាលី។»
លោក កឹម សុខា បន្តថា៖
«ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ស សាវី បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។»
សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោកឧត្ដមសេនីយទោ ស សាវី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៩ ខែឧសភាម្សិលម៉ិញ។ លោក សាវី បានក្លាយជា ទាហានខ្មែរដំបូងគេ ដែលបានស្លាប់ ដោយសារជំងឺដ៏ប្រល័យ៕