កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ក្នុងសហគមន៍​និងលើផ្ទៃប្រទេស ដែលមកដល់ថ្ងៃនេះ ត្រូវបានរកឃើញកើនឡើង ជិត៣០នាក់រួចហើយ។

តែការព្យួរ«សិទ្ធិឯកជនពលរដ្ឋ»ខាងលើ មិនត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថាទទួលបានភ្លើងខៀវ ពីសភាទាំងពីរថ្នាក់ ឬយ៉ាងណាទេ។ លោក គ្រាន់តែពន្យល់ថា  មានការផ្សព្វផ្សាយរួចហើយ អំពីក្រុមមនុស្ស ដែលជាប់ទាក់ទង ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលក្នុងនោះរាប់ទាំងរូបលោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតផង។

នៅក្នុងសារសម្លេងមួយ ដែលលោកបានផ្ញើរ​ឲ្យប្រព័ន្ធផ្សព្វផ្សាយ ក្នុងយប់ថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖

«ព្រឹត្តិការណ៍២៨វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណា​នៅឡើយទេ ហើយ​វាឆ្លងពីនរណា។ ពិតមែនតែអ្នកបច្ចេកទេស បានបកស្រាយ​ច្បាស់លាស់ ថាមិនមានទាក់ទង ទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកានោះទេ ប៉ុន្តែភាពងងឹត​របស់យើង នៅតែបន្តចំពោះការឆ្លង ពីប្រភពណា និងឆ្លងនរណាមុន នរណាក្រោយ នៅមិនទាន់បានច្បាស់។»

លោកបន្តថា៖

«មានការចាំបាច់ ដើម្បីធ្វើការផ្សព្វផ្សាយ នូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ និង​អស័យដ្ឋាន និងជារួមអត្តសញ្ញណ នៃអ្នកដែលបានកើត កូវីដ-១៩នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​យើងបានស្គាល់ឈ្មោះ ហើយបើមានទំនាក់ទំនង ជាមួយនឹងឈ្មោះនោះ គឺមកបង្ហាញខ្លួនភ្លាមៗ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក បានទាន់ពេល។»

សម្រាប់លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហាសង្គម បានអះអាងផ្ទុយមកវិញ និងយ៉ាងខ្លីថា វិធានការ​ខាងលើ របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក នឹងបង្កឲ្យមាន​ការឆ្លង​រាលដាល កាន់តែខ្លាំង ព្រោះចាប់ពីពេលនេះ​តទៅ អ្នកដែលសង្ស័យថា ខ្លួនមាន​ជាប់​ទាក់ទង នឹងអ្នកជំងឺ នឹងលែងហ៊ានមកធ្វើតេស្ដិ៍ ដោយសារពួកគេខ្លាច​ការបង្ហាញមុខ​​ជាសាធារណៈ ដែលជាការរំលោភលើ«សិទ្ធិឯកជន»ផង និងរំលោភលើ​«ឯកជនភាព​របស់អ្នកជំងឺ»នោះផង។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍​២៨វិច្ឆិកា មានប្រមាណជា២៨នាក់ (បូករួមទាំងករណី វិជ្ជមាន៦នាក់ថ្មីនេះ) ដែលធ្វើឲ្យ​តួលេខអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់៣៤១នាក់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។