កម្ពុជា

Covid-19៖ ហ៊ុន សែន ថាប្រទេស​បស្ចឹមលោក​រីកចម្រើន តែអ្នកស្លាប់ច្រើន

Covid-19៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានយកពេលវេលា នៃការថ្លែងរបស់លោក ទៅកាន់ប្រជាជាតិ ក្នុងថ្ងៃពុធនេះ ដើម្បីបង្ហាញថា ប្រទេសជាច្រើននៅបស្ចឹមលោក ដែលមានសេដ្ឋកិច្ច និងវិស័យសុខាភិបាលរីកចម្រើន បែរជាមានអ្នកជំងឺ «Covid-19» ស្លាប់ច្រើនហួស មិនខ្លាំងដូចប្រទេសកម្ពុជា ភូមា ឬឡាវ ដែលគ្មានមនុស្សស្លាប់ម្នាក់សោះ។

ក្នុងការថ្លែងជិត៣ម៉ោងកន្លះ នៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងវិមានសន្ដិភាព (ភ្នំពេញ) លោក ហ៊ុន សែន បានប្រើពេល ជិតកន្លះម៉ោង ដើម្បីលើកឡើងពីតួលេខ នៃករណីឆ្លង និងអ្នកស្លាប់ នៅតាមបណ្ដាប្រទេសនានា ដូចជាសហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ លោកថា៖

«និយាយរួម ប្រទេសនៅអ៊ឺរ៉ុប គ្មានប្រទេសណាមួយ ដែលមិនទាន់ឆ្លងទេ។ ឆ្លងទាំងអស់ ក្នុងសហភាពអ៊ឺរ៉ុប អត់មានប្រទេសណាមួយរួចទេ។ ឥឡូវខ្ញុំនិយាយដល់អាមេរិកវិញ ដែលគេចាត់ទុកថា អាចនឹងក្លាយជាមជ្ឈមណ្ឌល នៃការរីករាលដាល ដែលមុននេះ គេថា ចិន បន្ទាប់មកផ្ទេរទៅអ៊ីតាលី ឥឡូវនេះ អាចផ្ទេរទៅដល់អាមេរិក។»

បន្ទាប់ពីអាននូវតួលេខ នៃករណីឆ្លង និងករណីអ្នកស្លាប់ នៅសហរដ្ឋអាមេរិករួច បុរសខ្លាំងកម្ពុជា បានថ្លែងធ្វើសេចក្ដីសន្និដ្ឋានថា៖

«ប្រទេសធំៗ ប្រទេសអ្នកមាន ប្រទេសដែលមានវេជ្ជសាស្ត្រខ្លាំង […] ប្រព័ន្ធសុខាភិបាល គេចាត់ទុកថារឹង ក៏ប៉ុន្តែប្រទេសទាំងអស់នេះ ក៏មានមនុស្សស្លាប់។»

«ដោយឡែកអាស៊ាន ឥឡូវនេះគ្រប់ទាំង១០ទាំងអស់ ពង្រាយគ្នា ដែលពីម្សិលម៉្ងៃ ភូមា ប្រកាសថា មានហើយ ម្សិលម៉ិញនេះ ឡាវប្រកាសថា មានហើយ។ អញ្ចឹងអាស៊ាន អត់មានប្រទេសណា ដែលមិនមានកើតទេ។ […] បញ្ហាខ្លាំង​និងខ្សោយ គឺជាបញ្ហាងាយមើលបំផុត ថាតើប្រទេសនេះបណ្ដោយ ឲ្យមានការឆ្លង វាច្រើនប៉ុណ្ណា និងមនុស្សស្លាប់ប៉ុណ្ណា។»

លោក ហ៊ុន សែន បានឆ្លើយតប ទៅនឹងការរិះគន់ទាំងឡាយ ដែលលើកឡើងថា ប្រព័ន្ធសុខាភិបាលនៅកម្ពុជា នៅឡាវ និងនៅភូមា «ខ្សោយ» ថា លើការជាក់ស្ដែង «ឡាវទើបនឹមាន(ករណីឆ្លង) ពីម្សិលម៉ិញ ភូមាក៏ទើបមាន ពីម្សិលម៉្ងៃទេ»។ នាយករដ្ឋមន្ត្រីជិត៤ទសវត្សន៍ របស់ប្រទេសកម្ពុជា បានបន្តថា៖

«អ្នកខ្សោយ មិនប្រាកដថាខ្សោយទេ ដោយសារវិធានការគេ ហ្មត់ចត់ជាង។ អ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ដោយសារតែការមើលស្រាល សភាពការណ៍ និងការឆ្លើយតប មិនទាន់ពេលវេលា។»

ប៉ុន្តែមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹង តើវិធានការ«ហ្មត់ចត់» របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះជាអ្វីនៅឡើយទេ។ ផ្ទុយទៅវិញ បើនិយាយពីភាពខ្លាំងឬខ្សោយ ដោយសង្កេត នៅត្រឹមតែតួលេខ នៃអ្នកឆ្លងឬអ្នកស្លាប់នោះ អ្នកឃ្លាំមើលបញ្ហាសង្គម និងអ្នកវិភាគឯករាជ្យ លោកបណ្ឌិត មាស នី បានលើកឡើងថា

«កត្តា២ ដែលធ្វីឲ្យចំនួនអ្នកឆ្លងកូវីត១៩ នៅកម្ពុជា មានចំនួនតិច៖ (១) មិនមានអ្នកឆ្លង (២) មិនទាន់មានល័ទ្ធភាព ក្នុងការធ្វេីតេស្ដិ៍ ឲ្យបានទូលំទូលាយ ដោយបច្ចុប្បន្ន មានតែនៅទីក្រុង តែនៅតាមជនបទ និងទីប្រជុំជនស្រុក អត់មាន។»

លោក មាស នី បន្តថា៖

«មានការសង្ស័យខ្លះ បានត្រឹមតែដាក់ឈ្មោះថា ផ្តាសសាយធំ!»

មកដល់ម៉ោងនេះ កម្ពុជាបានបញ្ចេញតួលេខផ្លូវការសរុប នៃករណីឆ្លងមេរោគ «កូរូណា» ឬ «Covid-19» មានចំនួន ៩១នាក់ ក្នុងនោះ៦នាក់ បានជាសះស្បើយ និងមិនមានភស្ដុតាង នៃការឆ្លងនៅក្នុងសហគមន៍នៅឡើយ។ យ៉ាងណា អាជ្ញាធរសុខាភិបាល ព្រមានថា ការរាលដល់ក្នុងសហគមន៍ អាចនឹងកើតមានឡើង៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។