កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។

ការថ្លែងរបស់បុរសខ្លាំង នៅកម្ពុជា ត្រូវបានស្រង់សំដីដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ ចេញពីក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈរដ្ឋមន្ត្រី ដែលកំពុងប្រព្រឹត្តិទៅ ក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន បានលើកឡើង ដូចការដកស្រង់ទាំងស្រុង ខាងក្រោមថា៖

«ជាការសម្គាល់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀប ទៅនិងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។»

«កម្ពុជានៅតែមាន​សកម្មភាពដ៏សកម្ម ក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើក ដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូច នៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធ នៃជំងឺ Covid-19 ។»

«រីឯការចំណាយចរន្ត ដូចជាប្រាក់​បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដង ក្នុងមួយខែ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។