កម្ពុជា

Covid-19៖ កម្ពុជា​មាន​ ២ករណី​ទៀត ក្នុងថ្ងៃ​២៨មិថុនា (សរុប​១៤១នាក់)

នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខ នៃការឆ្លងជំងឺ «Covid-19» ថែម ២ករណី​ទៀត ដែលធ្វើឲ្យអ្នកជំងឺសរុប កើនឡើងដល់ ១៤១នាក់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ក្នុងព្រឹកថ្ងៃដដែល។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានអះអាងថា អ្នកជំងឺ«Covid-19»ទាំងពីរនាក់ ជា​ជនជាតិ​ខ្មែរ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀត រស់នៅខេត្តកណ្ដាល។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា បុរសទាំងពីរនាក់ ទើបត្រឡប់មកពី​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ ក្នុងជើងហោះហើរ ដែលមានអ្នកដំណើរ​សរុប ចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់) ក្នុងនោះអ្នកដំណើរ​ជាជនជាតិ​ខ្មែរ មានចំនួន​១០៥នាក់ (ស្ត្រី ៣៦នាក់)។

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់​បន្ថែមថា បន្ទាប់ពីត្រូវបាន​រកឃើញលទ្ធផល​វិជ្ជមាន នៅថ្ងៃទី២៧ ខែមិថុនាម្សិលមិញរួច ពួកគេទាំងពីរនាក់ ត្រូវបានដាក់​ឱ្យសម្រាក​ព្យាបាល នៅមណ្ឌលសុខភាព​​ចាក់អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរជនជាតិខ្មែរ ១០៣នាក់ផ្សេងទៀត​ ដែលមានលទ្ធផលអវិជ្ជមាន និងដែល​មិន​មាន​​លទ្ធភាពបង់ ថ្លៃសណ្ឋាគារ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ក្នុងមណ្ឌល​ចត្តាឡីស័ក​ជម្ពូន រាជធានី​ភ្នំពេញ ដើម្បីរង់ចាំ​ការដឹកជញ្ជូន ទៅបន្ត​ធ្វើចត្តាឡីស័ក នៅ​តាម​បណ្ដាខេត្ត ដែលពួកគេ​រស់នៅ។

មកដល់ថ្ងៃនេះ កម្ពុជាមានតួលេខផ្លូវការ នៃអ្នកកើតជំងឺ «Covid-19» សរុបចំនួន ១៤១នាក់ ក្នុងនោះអ្នកជំងឺ១២៩នាក់ បានជាសះស្បើយ និង១២នាក់ កំពុងសម្រាក​ព្យាបាល៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។