កម្ពុជា

Covid-19៖ អាជ្ញាធរចិន​រកឃើញ បុរសម្នាក់​ទៀត ឈឺជំងឺ​ចេញពីកម្ពុជា

បុរសម្នាក់​ទៀត ត្រូវបានធ្វើតេស្ដិ៍ រកឃើញមានផ្ទុកមេរោគ «Covid-19» កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបុរសរូបនោះ ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃមួយថ្ងៃមុន។

របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខភាពប្រជាជន នៃក្រុងខ្វាងចូវ (GuangZhou) ដែលចេញផ្សាយ ក្នុងថ្ងៃទី២៤ ខែមេសានេះ បានអះអាងពីការរកឃើញករណីថ្មី យ៉ាងដូច្នេះថា៖

«បុរសម្នាក់ដែលត្រូវបានរកឃើញ មានផ្ទុកមេរោគ “Covid-19” មានអាយុ៤១ឆ្នាំ កើតនៅខេត្ត ជាំងស៊ី (Jiangxi) ជាអ្នករស់នៅក្រុង សាងយ៉ាង (Shangrao) និងជាអ្នកជំនួញ។ បុរសរូបនេះ បានជិះយន្ដហោះ ដែលមានលេខ​ជើងហោះហើរ “K6668” ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា និងមកដល់ក្រុង ខ្វាងចូវ ក្នុងថ្ងៃដដែល។»

«តាំងពីថ្ងៃនោះមក លោកត្រូវបានផ្ទេរ ទៅកាន់មណ្ឌល ដាក់អ្នកជំងឺដោយឡែក ស្របតាមនីតិវិធី ដែលដាក់ចេញ ដើម្បីគ្រប់គ្រងការរាតត្បាត មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល បន្ទាប់ពីរកឃើញ ថាមានជំងឺ។»

នេះ ជាករណីមួយទៀត​នៃជំងឺ«Covid-19» ដែលត្រូវបានរកឃើញ មានផ្ទុកមេរោគដ៏ចង្រៃ បន្ទាប់ពីអ្នកជំងឺ​បានចេញ​ពីប្រទេស​កម្ពុជា។ ករណីស្រដៀងគ្នាលើកមុន គឺការរកឃើញបុរសជនជាតិចិនម្នាក់ អាយុ​៣៧ឆ្នាំ ដែលបានចេញពីកម្ពុជា នៅថ្ងៃទី១១ ខែមេសា ហើយត្រូវបានរកឃើញ មានផ្ទុក​មេរោគនេះ តាមរយៈលទ្ធផល​នៃការធ្វើតេស្ដិ៍ នៅមួយថ្ងៃក្រោយមក។

ជាទម្លាប់រៀងរាល់ដង រាល់ករណីរកឃើញនេះ តែត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល ដោយចាត់ទុកថា អ្នកជំងឺទាំងនោះ បានឆ្លងជំងឺនេះ នៅតាម«ផ្លូវ» នៃការធ្វើដំណើររបស់ពួកគេ។

មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញ«តួលេខផ្លូវការ» ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» នៅត្រឹម ១២២នាក់ ដែលជាតួលេខរកឃើញ តាំងពី១២ថ្ងៃមុន។ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនកើនឡើង ដល់១១០នាក់ និងបានព្រមានថា ការឆ្លង​នៅលើផ្ទៃប្រទេស អាចនឹងផ្ទុះឡើង៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។