ប្រទេសកម្ពុជាអះអាង បានរកឃើញករណីឆ្លងជំងឺ «Covid-19» ចំនួន៥នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខសរុប កើនដល់២៣៩នាក់ គិតមកដល់ព្រឹកថ្ងៃសៅរ៍នេះ។ អ្នកជំងឺទាំង៥នាក់នោះ ជាអ្នកដំណើរពីក្រៅប្រទេស ក្នុងនោះមាន ម្នាក់ជាជនជាតិឥណ្ឌូនេស៊ី មកពីប្រទេសឥណ្ឌូនេស៊ី និង៤នាក់ជាបុរសជនជាតិខ្មែរ មកពីប្រទេសប៉ាគីស្ថាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅមុននេះបន្តិច បញ្ជាក់ថា បុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ មានអាស័យដ្ឋាននៅខេត្តព្រះសីហនុ និងបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងយន្តហោះ ដែលមានអ្នកដំណើរសរុបចំនួន១២១នាក់។
បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ខណៈអ្នកដំណើរចំនួន ១២០នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យពោធិ៍ចិនតុង មានចំនួន៨១នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន៣៩នាក់។
ក្រសួងសុខាភិបាលបន្តថា ចំណែកបុរសជនជាតិខ្មែរទាំង៤នាក់ អាយុរវាងពី២៣ឆ្នាំទៅ៣០ឆ្នាំ មានទីលំនៅ ក្នុង(១)ខេត្តព្រះសីហនុ (២)ខេត្តកំពង់ចាម (៣)ខេត្តបាត់ដំបង និង(៤)ខេត្តរតនគិរី។ បុរសទាំងបួន ធ្វើដំណើរពីប្រទេសបាគីស្ថាន ដោយបន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្នុងយន្តហោះដែលមានអ្នកដំណើរសរុប១២០នាក់។
បច្ចប្បន្ន អ្នកជំងឺទាំង៤ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ខណៈអ្នករួមដំណើរក្នុងយន្ដហោះ ចំនួន១១៦នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ចែកជាពីរក្រុម៖ នៅបុរី ១០០ខ្នងចំនួន ៧៦នាក់ និង នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន៤០នាក់។
គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានបញ្ចេញតួលេខផ្លូវការ ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣៩នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៩៣នាក់) ក្នុងនោះចំនួនអ្នកជំងឺជាសះស្បើយ សរុបចំនួន១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់)។ រីឯអ្នកជំងឺនៅសល់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៣នាក់ និងសម្រាកព្យាបាល ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា មានចំនួន២នាក់៕