អ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប កើនឡើងជិត២០០នាក់ បន្ទាប់ពីបានរកឃើញករណីថ្មី ចំនួន២៦នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែកក្កដានេះ ដែលសុទ្ធសឹងជាករណីនាំចូល។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅមុននេះបន្តិច បានឲ្យដឹងថា ករណីរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះមាននិស្សិតប្រុស២៦នាក់ ត្រឡប់ពីសិក្សាក្នុងប្រទេសរ៉ុស្ស៊ី និងប្រទេសអេហ្សីព និងបុរសម្នាក់ទៀត មកពីប្រទេសកូរ៉េខាងត្បូង ក្នុងជើងហោះហើរ ពីរផ្សេងគ្នា។
និស្សិតប្រុសទាំង២៥នាក់ ស្ថិតក្នុងជើងយន្ដហោះ ពីប្រទេសរ៉ុស្ស៊ី ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកបុរសម្នាក់ទៀត ដែលមានអាយុ៦៥ឆ្នាំ បានជិះយន្ដហោះ ហោះផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា ក្នុងថ្ងៃនោះដដែល។
អ្នកជំងឺទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ខណៈអ្នកដំណើរដែលរួមដំណើរ លើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ ឲ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងដែរថា ក្នុងថ្ងៃអង្គារទី២២ ខែកក្កដានេះ អ្នកជំងឺបួននាក់ បានជាសះស្បើយពីជំងឺ និងបានចេញពីមន្ទីរពេទ្យ ក្នុងនោះមាន៣នាក់ ជាបរុសខ្មែរ ដែលត្រឡប់មកពីប្រទេស អារ៉ាប៊ីសាអូឌីត និងម្នាក់ទៀតជាបុរសខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។
តួលេខរកឃើញអ្នកឆ្លងថ្មី បានធ្វើឲ្យកម្ពុជាមានករណីឆ្លង «Covid-19» កើនឡើងសរុប ចំនួន១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់)៕