កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។

ការអះអាងថា មានអ្នកជំងឺស្លាប់នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យ​អាជ្ញាធរ​ខេត្ត-ក្រុង​នានា ត្រូវរៀបចំ«​ប៉ាឆា ឬឈាបនដ្ឋាន» ដើម្បីត្រៀមបូជាសពអ្នកជំងឺ ដែលស្លាប់​ដោយសារ​ជំងឺកូវីដ-១៩។ បទបញ្ជា​នោះ ធ្វើឡើងតាម​រយៈសារសម្លេង​របស់លោក ដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពី​ថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺខាងលើ ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ រស់នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងជាអ្នកបើកបរ ឲ្យ​ថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងក្លឹប «N8» និងដែលមានផ្ទុកជំងឺកូវីដ-១៩ ដូចគ្នាដែរ។

ដោយចាត់ទុកជាករណីមួយ នៃការរាតត្បាត​ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ បុរសអ្នកជំងឺរូបនេះ ត្រូវបាន​រកឃើញ​​វិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា សពរបស់បុរស​ មិនអាចរក្សាទុកបានយូរនោះទេ ដោយត្រូវរៀបចំ​បូជា តាមអ្វីដែលជាការកំណត់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ត្រូវបានស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក មកបញ្ជាក់ថា ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងខណៈនេះ មានលក្ខណៈគួរឲ្យបារម្ភ ដែលតម្រូវឲ្យទាំងពលរដ្ឋ និងអាជ្ញាធរ​ចូលរួមទប់ស្កាត់ទាំងអស់គ្នា។

យ៉ាងណា បើរាប់ចាប់ពីពេលផ្ទុះការរាតត្បាត ករណីស្លាប់របស់បុរស អាយុ៥០ឆ្នាំខាងលើ មិនមែនជា«ករណីស្លាប់​ដំបូង»​ទាំងស្រុងទេ ដោយហេតុថា ករណីស្លាប់នៅក្នុងពេលធ្វើចត្តាឡីស័ក ត្រូវបានរាប់ឃើញ មានចំនួនយ៉ាងហោច​៣នាក់ហើយ។ ប៉ុន្តែរាល់ករណី​ស្លាប់​ទាំងនោះ តែងត្រូវបានអាជ្ញាធរកម្ពុជា ចាត់ទុកថា ជាករណី«ខ្យល់គ» «គាំង​បេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម និងមិនមានជាប់ទាក់ទង ​នឹងជំងឺកូវីដ-១៩ទេ។

ករណីស្លាប់មួយមុន (មុនអ្នកជំងឺខាងលើ) បានកើតទៅលើបុរសជាតិចិនម្នាក់ អាយុ៣៤ឆ្នាំ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាល​បានប្រកាសថា បុរសជាតិចិន​ដែលមានឈ្មោះ ឡាយ ប៊ីនស៊ាង បាន​ស្លាប់«ដោយ​សារ​ការ​រើ​សារធាតុ​ញៀន​ក្នុង​ខ្លួន​» ​ក្នុង​អំឡុង​ពេល​ដែល​បុរស​រូប​នោះ​ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​កំពុង​ទទួល​ការ​ព្យាបាល ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។