កម្ពុជា

CNRP ថាបច្ច័យ​របស់ ហ៊ុន សែន ជូន​គ្រួសារ កែម ឡី ជា​ទឹកចិត្ត​«ក្លែងក្លាយ»

សម្រាប់គណបក្សសង្គ្រោះជាតិ ទង្វើចាប់ចងយុវជន ដោយអាជ្ញាធរក្រុងភ្នំពេញ ក្នុងប៉ុន្មានថ្ងៃនេះ បង្ហាញឲ្យឃើញច្បាស់ថា ការផ្ដល់ជំនួយថវិកា ដល់ក្រុមគ្រួសារលោក កែម ឡី ក្នុងពេលកន្លងមក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាទឹកចិត្តសប្បុរស​«ក្លែងក្លាយ»ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍មួយ​របស់គណបក្សប្រឆាំង ដែលចេញផ្សាយពីក្រៅប្រទេស ក្នុងថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ បានលើកឡើងដូច្នេះ ជាមួយនឹង​«ការថ្កោលទោស»​យ៉ាងដាច់អហង្ការ ចំពោះទង្វើចាប់ចងទាំងនោះ ជាពិសេសការចាប់ខ្លួន​និងបន្តឃុំខ្លួន យុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ ពាក់ព័ន្ធនឹងសកម្មភាព​របស់ក្រុមយុវជនទាំងនេះ ដែលគ្រាន់តែសំដែងការស្រឡាញ់ និងការគាំទ្រ​ដល់លោកបណ្ឌិត កែម ឡី

គណបក្សសង្គ្រោះជាតិ បានសរសេរថា៖

«ទង្វើបែបនេះរបស់អាជ្ញាធរ​ក្រុងភ្នំពេញ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការណ៍ដែលលោក ហ៊ុន សែន បានផ្ដល់ជំនួយ​ថវិកា​ដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីជួយ​សាងសង់​ចេតិយ៍​តម្កល់ធាតុ​លោក​បណ្ឌិត កែម ឡី និងចូលបុណ្យរំឭកខួប១ឆ្នាំ នៃមរណភាពលោកបណ្ឌិត នាពេលកន្លងមក គឺជាទឹកចិត្តសប្បុរសក្លែងក្លាយ ដែលធ្វើឡើងដើម្បីបិទបាំង និងលុបលាង​អំពើអាក្រក់របស់ខ្លួន​និងបក្ខពួក ពាក់ព័ន្ធនឹងឃាតកម្មដ៏សាហាវយង់ឃ្នង លើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។»

«ទឹកចិត្តសប្បុរស… ក្លែងក្លាយ»

លោក ហ៊ុន សែន ធ្លាប់បានបញ្ជូនប្រាក់ តាមរយៈនាយកសារព័ត៌មានម្នាក់ ដែលស្និតនឹងរូបលោក ទៅឲ្យក្រុមគ្រួសារលោក កែម ឡី ប្រមាណជា៦ម៉ឺនដុល្លារ ដើម្បីជួយសាងសង់ចេតិយ៍ដ៏ធំសម្បើមមួយ នៅក្នុងបរិវេណទឹកដីកំណើតរបស់លោក កែម ឡី ក្នុងខេត្តតាកែវ។ ប៉ុន្តែមកដល់ថ្ងៃនេះ ចេតិយ៍នោះសម្រេចសាងសង់ ចេញជាគ្រោងបេតុងរួចរាល់ តែខ្វះការតុបតែង និងការបំពាក់សម្ភារៈ។

ក្នុងអំឡុងខួបទី៣នៃការធ្វើឃាតដ៏ឃោឃៅនេះ ក្រុមយុវជននិងមន្ត្រីច្រើននាក់ នៃអង្គការសង្គមស៊ីវិល-សហគមន៍ បានប្រមូលគ្នា ដើម្បីធ្វើបុណ្យឧទ្ទិស ដល់វិញ្ញាណក្ខ័ន្ធលោក កែម ឡី។ ប៉ុន្តែនៅថ្ងៃទី៩និងទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមអាជ្ញាធរបានចាប់ខ្លួនយុវជនច្រើននាក់ មុននឹងបញ្ជូនយុវជនពីរនាក់ ឈ្មោះ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ទៅកាន់តុលាការ ខណៈយុវជនដទៃទៀត ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ។

ក្រែងលោក ហ៊ុន សែន និងបក្ខពួកដើរអួតថា លោក កែម ឡី ជាគ្នាគាត់ឬ? ហេតុអីធ្វើបុណ្យរំលឹកខួប ឬបោះពុម្ភអាវ ពី«គ្នាគាត់»ម្នាក់នេះ មិនបាន?

Posted by ព្រហ្ម គិត on Thursday, July 11, 2019


នៅរសៀលថ្ងៃទី១១ ខែកក្កដា យុវជន គង់ រ៉ៃយ៉ា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ឯក ប៉ូលីហ្វីល សម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» និងបញ្ជូនខ្លួនទៅឃុំជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងអាវយឺតមានបោះពុម្ភរូបថត និងសំដីលោក កែម ឡី ដែលយុវជនខាងលើ ប្រកាសលក់លើបណ្ដាញសង្គម។

រីឯយុវជន សួង នាគព័ន្ធ នឹងត្រូវតុលាការសម្រេច ក្នុងថ្ងៃនេះ។

ចំពោះគណបក្សប្រឆាំង បានពន្យល់ថា ទង្វើរបស់យុវជនទាំងពីរ មិនមែនជាបទល្មើសអ្វីឡើយ។ ផ្ទុយទៅវិញ របបដឹកនាំរបស់លោក ហ៊ុន សែន គួរយកកម្លាំងដើរចាប់ចងនេះ ទៅធ្វើការស៊ើបអង្កេត ឲ្យបានពិតប្រាកដ និងត្រឹមត្រូវតាមវិជ្ជាជីវៈ ដើម្បីវែកមុខរកឃាតកពិត និងអ្នកនៅពីក្រោយឃាតក ក្នុងឃាតកម្មលើលោក កែម ឡី យកមកផ្ដន្ទាទោសតាមច្បាប់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។