គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែកនៅខាងមុខអតីតរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សប្រឆាំងមួយនេះ បានចេញផ្សាយ កាលពីប៉ុន្មាននាទីមុន បានសរសេរថា គណបក្សសូមសំដែងការគោរព ចំពោះវិញ្ញាណក្ខន្ធនៃក្រុម«វីរបាតុករ»ទាំងនោះ និងនៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះឲ្យខាងតែបាន។
គណបក្សបានបញ្ជាក់ថា មកដល់ពេលនេះ របបដឹកនាំក្រុងភ្នំពេញ មិនបានស្វែងរកជនដៃដល់ និងអ្នកបញ្ជា ចំពោះការវាយប្រហារខាងលើនោះទេ។ សេចក្ដីថ្លែងការណ៍គណបក្ស បានសរសេរថា៖
«តែបើតាមរបាយការណ៍ស៊ើបអង្កេត របស់ទីភ្នាក់ងារស៊ើបអង្កេត សហរដ្ឋអាមេរិក (FBI) បានបង្ហាញថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាប្រធាន និងអនុប្រធាន កងអង្គរក្សផ្ទាល់លោក ហ៊ុន សែន ជាអ្នករៀបចំ និងបញ្ជាផ្ទាល់លើការវាយប្រហារ ដ៏សាហាវយ៉ង់ឃ្នង និងអមនុស្សធម៌នេះ។»
រដ្ឋាភិបាលកម្ពុជា តែងប្រកាសជាច្រើនដងថា ខ្លួនមិនបានទុក សំនុំរឿងមួយនេះចោលទេ ហើយរបាយការណ៍ «FBI» ដែលពាក់ព័ន្ធក្នុងករណីនេះ មិនដែលត្រូវបានបង្ហាញជាសាធារណៈដែរ។
ផ្ទុយទៅវិញ ការសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ីង ប៊ុនហៀង ដោយក្រសួងរតនាគារជាតិអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានអះអាងថា មេបញ្ជាការផ្កាយ៤រូបនេះ រួមនឹងកងអង្គរក្សរបស់លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងហេតុការណ៍នោះ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរតនាគារជាតិអាមេរិក ថែមទាំងស្រង់សំដីរបស់អ្នកស្រី «Sigal Mandelker» អនុរដ្ឋលេខាធិការ នៃក្រសួងរតនាគារជាតិអាមេរិក មកបញ្ជាក់ ពីការជាប់ពាក់ព័ន្ធ របស់លោក ហ៊ីង ប៊ុនហៀង ក្នុងការបង្រ្កាប លើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែក លើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសពលរដ្ឋអាមេរិកមួយរូប៕
អត្ថបទដែលទាក់ទង៖