កម្ពុជា

CNRP ប្រកាស​បើកផ្លូវ​ឲ្យមាន​«កិច្ចសន្ទនា​នយោបាយ» ដើម្បី​ចេញ​ពី​វិបត្តិ

គណបក្សសង្គ្រោះជាតិ បានប្រកាសបើកផ្លូវ ឲ្យមាន«កិច្ចសន្ទនា​នយោបាយ (ឬកិច្ចចរចា)» ដោយទូលំទូលាយ និងដោយផ្ទាល់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលគណបក្សនេះអះអាងថា មានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយពីក្រៅប្រទេស កាលពីប៉ុន្មាននាទីមុន។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានសរសេរស្វាគមន៍ដំណើរបេសកកម្ម ស្វែងរកការពិតលើកទី២ របស់គណៈប្រតិភូ នៃសហភាពអ៊ឺរ៉ុប ដែលគណបក្សនេះសរសេរថា បានប្រព្រឹត្តិទៅ នៅក្នុងបរិបទនៃការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញ «មិនដែលធ្លាប់មាន» ក្នុងបីទសវត្សរ៍ចុងក្រោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលមានបីទំព័រ គណបក្សប្រឆាំងបានសរសេរ រៀបរាប់យ៉ាងច្រើន ជុំវិញការបន្តឃុំឃាំង​ប្រធានគណបក្ស លោក កឹម សុខា – ការកោះហៅមន្ត្រីគណបក្ស និងអ្នកគាំទ្រជិត១៥០នាក់ ឲ្យបង្ហាញខ្លួន ពីសំណាក់តុលាការ និងអាជ្ញាធរ រហូតបណ្ដាលឲ្យមន្ត្រីគណបក្សម្នាក់ បានស្លាប់នៅក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ននោះ។

វិស័យសារព័ត៌មាន សិទ្ធិនៃការនិយាយស្ដី សិទ្ធិសហជីព (…) ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ យកមកពន្យល់ដែរ។ គណបក្សសង្គ្រោះជាតិ បានទម្លាក់កំហុស នៃការៀបរាប់ខាងលើរបស់ខ្លួន ទៅលើមេដឹកនាំរបបក្រុងភ្នំពេញ គឺលោក ហ៊ុន សែន តែម្នាក់គត់។ សេចក្ដីថ្លែងការណ៍សរសេរថា៖

«គណបក្សសង្គ្រោះជាតិ យល់ច្បាស់ណាស់ អំពីផលវិបាក និងសេចក្ដីវេទនា ដែលអាចនឹងកើតឡើង ដោយសារការព្យួរកម្មវិធី “EBA” របស់សហភាពអ៊ឺរ៉ុបជាមួយកម្ពុជា ដែលបញ្ហនេះ គឺអាចបញ្ចៀសបាន ដោយលោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។ (…) លោក ហ៊ុន សែន ត្រូវតែផ្លាស់ប្ដូរនយោបាយឃោឃៅរបស់ខ្លួន និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាអនាគត របស់ប្រជាជនខ្មែរ និងកូនចៅជំនាន់ក្រោយទៀត។»

គណបក្សប្រឆាំងបានសរសេរនៅចុងបញ្ចប់ថា៖

«គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការបើកចំហរ ចំពោះកិច្ចសន្ទនានយោបាយ ដោយទូលំទូលាយ និងដោយផ្ទាល់ ដែលជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិដែលកាន់តែធ្ងន់ធ្ងរនេះ ដោយតម្រូវឲ្យបញ្ចប់នយោបាយ​ឃោឃៅ ព្រមទាំងផ្ដល់សេរីភាព ដោយអ្នកទោសនយោបាយ និងការរៀបចំការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។