កម្ពុជា

ចូលឆ្នាំចិន៖ ហ៊ុន សែន ជូនពរខ្មែរឲ្យ​«ហេងហេង»​ពីថ្ងៃនេះ​​តទៅ

ចាប់ពីថ្ងៃចូលឆ្នាំចិនឆ្នាំ២០២១នេះតទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើរសារ ជូនពរពលរដ្ឋខ្មែរ ឲ្យជួបតែសំណាងល្អ ជោគជ័យ និង«ហេងហេង»។ នេះ បើតាមសំណេររបស់បុរសខ្លាំងរូបនេះ ដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

សំណេររបស់លោក ហ៊ុន សែន ដែលចូលរួម«អបអរសាទរ» នៅក្នុងថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសរសេរទៅកាន់បណ្ដាជន ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ឲ្យធ្វើការប្រុងប្រយ័ត្ន ក្នុងគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ដោយការធ្វេសប្រហែសណាមួយ។

មេដឹកនាំរដ្ឋាភិបាលបានរំឭក ឲ្យបន្តចូលរួមបង្កាជំងឺរាតត្បាតកូវីដ-១៩ (Covid-19) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ បន្ទាប់មកបុរសខ្លាំង នៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិត៤០ឆ្នាំ បានសរសេរឡើងថា៖

«ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ ជោគជ័យ និង”ហេងហេង”គ្រប់ៗគ្នា ចាប់ពីក្នុងថ្ងៃ​ចូលឆ្នាំចិន ២០២១ នេះតទៅ។»

បើតាមក្បួនតម្រាបុរាណ បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ២០២១នេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដែលត្រូវជាថ្ងៃសែន ខណៈថ្ងៃចូលឆ្នាំ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។