កម្ពុជា

តុលាការកម្ពុជា​កោះហៅ​«ម្ចាស់គណនេយ្យខ្មោច»​ហ្វេសប៊ុក ឲ្យឡើងសវនាការ

ពីក្នុងចំណោមមនុស្សទាំង៦៨នាក់ ដែលរងការកោះហៅ ពីសំណាក់សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យឡើងសវនាការ នៅចុងខែវិច្ឆិកាខាងមុខ មានមួយភាគ គឺជា​«ម្ចាស់​គណនេយ្យខ្មោច» នៅលើបណ្ដាញសង្គម។ នេះ បើតាមការអះអាង របស់អ្នកជំនាញ ដែលវិភាគ​ទៅលើដីកាកោះមួយច្បាប់ មាន៦ទំព័រ ដែលត្រូវបាន​ក្រុមនគរបាល យកទៅបិទ នៅខាងមុខ​ទីស្នាក់ការ​របស់គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែ​ក្រោម (ខណ្ឌមានជ័យ-រាជធានីភ្នំពេញ) កាលពីថ្ងៃសៅរ៍​ម្សិលម៉ិញ។

នៅក្នុងដីកាកោះ ឲ្យឡើងសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ខាងមុខ ចុះ​ហត្ថលេខា​ដោយព្រះរាជអាជ្ញារង លោក សេង ហៀង បានឲ្យដឹងថា មនុស្សដែល​ត្រូវបាន​​កោះហៅ ចាប់ពីលេខរៀងទី ៣៧ រហូតដល់៥៩ (២២នាក់) ត្រូវបានសរសេរឈ្មោះ ជាអក្សរ​ឡាតាំង ដែលធ្វើឲ្យគេ​សម្គាល់ថា នោះគឺជាឈ្មោះ របស់គណនេយ្យ​ជាច្រើន នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

បើទោះជាលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ពួកគេ​ទាំង៦៨នាក់ ភាគច្រើន​ជាអ្នកគាំទ្រគណបក្សប្រឆាំង ដែលរស់នៅក្រៅប្រទេសក្ដី តែម្ចាស់​គណនេយ្យ ដែលមានឈ្មោះជាអក្សរឡាតាំង មិនមានទីលំនៅ​ច្បាស់លាស់ ហើយមួយភាគ គឺជាគណនេយ្យខ្មោច ដែលគេពិបាកកំណត់អត្តសញ្ញាណ។ នេះ បើតាម​ការផ្ទៀងផ្ទាត់ របស់អ្នកជំនាញខាងបច្ចេកវិទ្យា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួប​ពិគ្រោះ។

អ្នកជំនាញបានពន្យល់ ដោយលើកជាឧទាហរណ៍ថា ឈ្មោះ«ABC»មួយ អាចមាន​ច្រើន​គណនេយ្យ ដែលដាក់ឈ្មោះដូចៗគ្នា នៅលើបណ្ដាញ​សង្គម។ អញ្ចឹង (ទី១) គេមិនដឹងថា ឈ្មោះ​ដែលតុលាការកោះហៅ សំដៅទៅលើនរណា​ឲ្យប្រាកដ ហើយ(ទី២) បើរកឃើញឈ្មោះ ដូចដែល​តុលាការ​កោះហៅនោះពិតមែន ក៏មិនប្រាកដថា ម្ចាស់រូបថតឬម្ចាស់ឈ្មោះ ជាអ្នកកាន់​គណនេយ្យនោះដែរ។

មេធាវីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ការកោះហៅរបស់តុលាការ ធ្វើឡើង​ដោយខុសនីតិវិធី ព្រោះអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ របស់ប្រទេសកម្ពុជា បាន​ចែងថា ការប្រគល់ដីកាកោះហៅ ត្រូវធ្វើឡើង នឹងនៅគេហដ្ឋាន ឬដោយផ្ទាល់ដៃ​របស់​សាមីខ្លួន។ ដូច្នេះ តុលាការត្រូវស្គាល់អត្តសញ្ញាណ របស់ជនដែលខ្លួនត្រូវកោះហៅ ឲ្យ​ច្បាស់លាស់ ទាំងភិនភាគ ទាំងអាយុ ទាំងអាស័យដ្ឋាន មុននឹងចេញដីកា។

យ៉ាងណា លោកមេធាវី សំ សុគង់ បានថ្លែងតាមវិទ្យុក្នុងស្រុកថា មនុស្សចំនួន៤០នាក់ ពីក្នុងចំណោម៦៨នាក់​ បានពឹងពាក់ឲ្យលោកការពារក្ដីពួកគេ នៅក្នុង​សវនាការ​នោះ។

សម្រាប់អ្នកជំនាញខាងបច្ចេកវិទ្យា បានរៀបរាប់បន្ថែមថា ទិដ្ឋភាពកោះហៅ​របស់​តុលាការខាងលើ មានលក្ខណៈជាការគម្រាម ផ្នែកនយោបាយ ទៅដល់សមាជិក​របស់​គណបក្សប្រឆាំង នៅក្នុងប្រទេស​ ជាជាងចង់ហៅមនុស្ស ដែលជាម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ពិតប្រាកដ ឲ្យបង្ហាញខ្លួន នៅក្នុងសវនាការ។

លោកបានបញ្ជាក់ ពីមូលហេតុដ៏សំខាន់មួយថា ព្រោះហ្វេសប៊ុកគ្មានការិយាល័យប្រតិបត្តិ នៅក្នុងប្រទេសកម្ពុជា ដូច្នេះហ្វេសប៊ុកមិនស្ថិតក្រោមអំណាចច្បាប់ ឬតុលាការរបស់​ប្រទេស​នេះទេ ហើយហ្វេសប៊ុកក៏មិនបង្ហាញទិន្នន័យឯកជន របស់ម្ចាស់គណនេយ្យ​ទាំងនោះ ទៅតាមការចង់បាន របស់អាជ្ញាធរកម្ពុជានោះដែរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។