កម្ពុជា

កម្ពុជាស្នើជាថ្មី ឲ្យវៀតណាម​គោរព​«បទដ្ឋាន​បច្ចេកទេស» មុនបង្ហោះ​ព័ត៌មាន

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ឲ្យភាគី​វៀតណាម គោរពតាម«បទដ្ឋាន​បច្ចេកទេស និងគោលការណ៍ និយ័តកម្មអន្តរជាតិ» លើករណី​ជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយព័ត៌មាន ដែលបះពាល់ដល់កម្ពុជា។

សេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែមិថុនា បានធ្វើការអំពាវនាវដូច្នេះ ដើម្បីប្រតិកម្មតប នឹង​ការចុះ​ផ្សាយ របស់សារព័ត៌មានវៀតណាម ដែលលើកឡើងថា មានជនជាតិ​វៀតណាម​ម្នាក់ មានអាយុ១៨ឆ្នាំ មានជំងឺ«Covid-19» បន្ទាប់ពីយុវជនរូបនោះ បានចាកចេញ ពីប្រទេស​កម្ពុជា។

សារព័ត៌មានវៀតណាម ដែលផ្សាយនៅលើអ៊ិនធើណែត យ៉ាងហោចចំនួនពីរ (Luatvietnam.vn និង VN express) បានរាយការណ៍ថា យុវជនវៀតណាមម្នាក់នោះ បានចេញពីប្រទេសកម្ពុជា តាមច្រកព្រំដែន ថុងហ្វើក (Thuong Phuon) កាលពីថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញ ថាបានឈឺជំងឺ«Covid-19» នៅក្នុង​អំឡុង​ពេលយុវជនរូបនេះ កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

ដោយអះអាង​ទទួលបានព័ត៌មាននេះ ពីគណៈកម្មការជាតិ ដើម្បីការពារ និងត្រួត​ពិនិត្យ​ជំងឺ​«Covid-19» ប្រព័ន្ធផ្សព្វផ្សាយខាងលើ បានអះអាងទៀតថា បច្ចុប្បន្ន យុវជនដែល​ជា​អ្នកជំងឺ​ កំពុងសម្រាក​ព្យាបាល នៅមណ្ឌលសុខភាព ង្វានហុងងី (Huyen Hong Ngu Health Center)។

សម្រាប់ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ជនជាតិវៀតណាមខាងលើ រស់នៅ​ឃុំថុងហ្វក ស្រុកបៀនហុងអ៊ី (Huyen Hong Ngu) ខេត្ត«Dong Thap (ខេត្តផ្សារដែក ក្នុងទឹកដីកម្ពុជាក្រោម)» ប្រទេសវៀតណាម និងមិនមែនរស់នៅកម្ពុជា ដូចការចុះ​ផ្សាយ​ទេ។

សេចក្ដីថ្លែងការណ៍អះអាងថា៖

«ការដែលចម្លងនេះ គឺមានការឆ្លង នៅប្រទេសវៀតណាមនេះតែម្ដង។»

«ក្រសួងសុខាភិបាល សូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាម​បទដ្ឋាន​បច្ចេកទេស និងគោលការណ៍​និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬចុះផ្សាយ ដែល ជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់កម្ពុជា ក្នុង​ដំណាក់កាល​ប្រយុទ្ធ នឹងជំងឺកូវីដ-១៩នេះ ដើម្បីផលប្រយោជន៍ ដល់ប្រជាជន​ទាំងពីរ​ប្រទេស។»

ករណីដូចគ្នានេះ បានកើតមានម្ដងហើយ កាលពីប៉ុន្មានសប្ដាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយ​វៀតណាម បានអះអាងថា ពលរដ្ឋវៀតណាមម្នាក់ រស់នៅក្នុងស្រុកតាន់ចូវ ខេត្ត​​តាយនីញ (ខេត្តរោងដំរី នៅ​កម្ពុជាក្រោម) ត្រូវបាន​រកឃើញ ថាមានជំងឺ «Covid-19» បន្ទាប់ពី​បុរស​អាយុ ៣៩ឆ្នាំរូបនេះ វិលត្រឡប់​ពីប្រទេស​​កម្ពុជា​វិញ។

តែករណីមុននោះ ក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ប្រកាស​ទាត់ចោល​ដូចគ្នា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។